ស្នងការ​ខេត្តបន្ទាយមានជ័យ ចុះ​ចែក​មួកសុវត្ថិភាព ខិតប័ណ្ណ​ច្បាប់​ចរាចរណ៍ និង​ពន្យល់​ណែនាំ​ពី​ច្បាប់​ចរាចរណ៍​តាម​ខ្នង​ផ្ទះ

10-March-2016 | ដោយ មែន កំសត់


​បន្ទាយមានជ័យ​៖  ដើម្បី​បន្ត​ការចូលរួម កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន និង​កំពុងមាន​ការកើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ នាពេល​សព្វថ្ងៃនេះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម នៅ​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៦​នេះ បាន​ដឹកនាំ​នាយការិយាល័យ​ចរាចរណ៍ និង​មន្ត្រីនគរបាល​មួយចំនួន ចុះទៅ​ចែក​មួកសុវត្ថិភាព ខិតប័ណ្ណ​និង​ពន្យល់​ណែនាំ​ពី​ច្បាប់ ចរាចរណ៍​ផ្លូវគោក ដល់​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ ជាង​២០​គ្រួសារ ស្ថិតនៅ​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

​នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​ទាំងនោះ លោក​ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម បាន​ថ្លែង​ជំរុញ​ដល់​ពួកគាត់ ត្រូវ​ចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍ ដូចជា​ត្រូវ​ពាក់​មួ​យក​សុវត្ថិភាព ម៉ូតូ​ត្រូវដាក់​កញ្ចក់ និង​ត្រូវមាន​ឯកសារ ច្បាប់​ពាក់ព័ន្ធ​ផងដែរ​។ យ៉ាងណាក៏ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​លើកឡើងថា តាម​ការពិនិត្យ​ជាក់ស្តែង ប្រជាពលរដ្ឋ​ទាំងនោះ មានការ​យល់ដឹង​ច្រើន​ពី​ច្បាប់​ចរាចរណ៍ និង​បាន​ចូលរួម​គោរព​ទាំងអស់គ្នា ហើយ​លោក​ក៏បាន​ចែក​មួកសុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ទាំងនោះ​ផងដែរ​។​

​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ លោកស្នងការ ក៏បាន​អញ្ជើញ​ទៅពិនិត្យ​មើល​ការធ្វើ​ស្លាក​លេខ​ម៉ូតូ និង​រថយន្ត នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ផងដែរ ហើយ​តាម​ការមើល​ជាក់ស្តែង គឺមាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​យក​ម៉ូតូ និង​រថយន្ត​ទៅធ្វើ នេះ​បង្ហាញថា ពួកគាត់​ពិតជា​បាន​ចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍ យ៉ាងពិត​ប្រាកដ​។​
​សកម្មភាព​របស់​ស្នងការ នគរបាល​ខេត្តបន្ទាយមានជ័យ ខាងលើនេះ បាន​ធ្វើឡើង​ក្រោយពី សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានធ្វើ​ការណែនាំ ដល់​បណ្តា​ស្នងការ និង​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​ចុះ​អប់រំ​ដល់​ប្រជា​ល​រដ្ឋ​តាម​ខ្នង​ផ្ទះ ដើម្បី​ឲ្យ​មានការ​ស្វែងយល់​ពី ច្បាប់​ចរាចរណ៍​កាន់តែខ្លាំង​ឡើង​៕

ចំនួនអ្នកទស្សនា

    20225867

  • ថ្ងៃនេះ7921
  • ម្សិលមិញ7271
  • សប្តាហ៍នេះ27391
  • ខែនេះ15201
  • ឆ្នាំនេះ998421
  • សរុប20225867