ភ្នំពេញ៖ រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ១៥គ្រួសារ នៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។
ពិធីនោះមានការចូលរួមពីលោកប្រធានសាខាបក្សភូមិ សង្កាត់ យុវជន សសយក និងក្រុមការងារសាលាខណ្ឌផងដែរ។
ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋ នាឱកាសនោះ លោកនុត ពុធដារ៉ា បានលើកឡើងថា៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលតែងតែគិតគូរសុខទុក្ខ មិនរត់ចោលបងប្អូន ទោះបី អំណោយ ថវិកានោះវាតិចតួចតែវាអាចសម្រាល ដោះស្រាយជីវភាពបានមួយកម្រិត ។
បន្ទាប់មកក្រុមការងារ ក៏បានចែកសម្ភារៈរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋក្រីក្រ ទាំង១៥គ្រួសារ ក្នុងឱកាសនោះរួមមានក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម មី០១កេស ត្រីខ១០កំប៉ុង ឃីត០១កញ្ចប់ (មុង១ ភួយ១ សារុង១ក្រមា១) និងថវិកា ៣ម៉ឺននាឱកាសនោះផងដែរ។