សាខា​កាកបាទក្រហមកម្ពុជា ផ្ដល់​អំណោយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​រន្ទះបាញ់

13-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖  នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៦ លោកស្រី ពៅ សុខ អនុប្រធាន​គណៈកម្មាធិកា​រ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន រួម​នឹង​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា​ខេត្ត អនុសាខា​ស្រុក​សាលា​ក្រៅ បាន​ចុះសួរសុខទុក្ខ និង​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​គ្រួសារ​សព​រងគ្រោះថ្នាក់ ដោយ​រន្ទះបាញ់​ស្លាប់ កាលពី​ល្ងាច​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ ។​
​លោកស្រី ពៅ សុខ ក្នុងនាម​លោកជំទាវ បាន ស្រីមុំ ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ ជាមួយ​ក្រុមគ្រួសារ​សព ដែល​បាន​រងគ្រោះថ្នាក់​បាត់បង់​អាយុជីវិត ដោយ​រន្ទះបាញ់ និង​សូម​ឲ្យ​វិញ្ញាណក្ខន្ធ​សព ទៅកាន់​សុគតិភព​។​

​ក្នុងឱកាស​សួរសុខទុក្ខ និង​រំលែក​ទុក្ខ​នេះ ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា បាន​នាំយក​អំណោយ​មនុស្សធម៌​របស់ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ផ្តល់ជូន​គ្រួសារ​សព​មាន អង្ករ ១០០​គីឡូក្រាម មី​១​កេះ ទឹក​សុទ្ធ ១៥​ឡូ ទឹកដោះគោឆៅ ១​ឡូ ទឹក​ស៊ី​រ៉ូ ០១​ដប និង​ថវិកា ១​លាន​រៀល ចំពោះ​អ្នករងរបួស រងគ្រោះ​ដោយ​រន្ទះបាញ់​ទទួលបាន អង្ករ ៥០​គីឡូក្រាម ទឹក​សុទ្ធ ១០​ឡូ ទឹកដោះគោឆៅ ១​ឡូ ទឹក​ស៊ី​រ៉ូ ០១​ដប និង​ថវិកា ៥០​ម៉ឺន​រៀល ។​
​សូមបញ្ជាក់ថា​៖ នៅវេលា​ម៉ោង ១៦ និង​៣០​នាទី ថ្ងៃទី​១១​ខែមីនា ឆ្នាំ​២០១៦ មាន​ករណី​រន្ទះបាញ់​មួយ​បានកើត​ឡើង​នៅ​ភូមិ​អូរ​ទឹក​ភ្លាវ ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បណ្តាល​ឲ្យ​បុរស​ម្នាក់​ឈ្មោះ យ៉ាន់ យ៉ា​ត អាយុ​៣៦​ឆ្នាំ បាន​ស្លាប់​នៅនឹងកន្លែង និង​បុរស​ម្នាក់ទៀត​ឈ្មោះ រឿន ណា​រឹទ្ធ អាយុ ២៦​ឆ្នាំ រងរបួស​ស្រាល អ្នក​ទាំងពីរ​ជា​កម្មករ​ស៊ីឈ្នួល​ដក​ដំឡូង ដែលមាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​កោះ​កែវ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ៕

ចំនួនអ្នកទស្សនា

    20225047

  • ថ្ងៃនេះ7101
  • ម្សិលមិញ7271
  • សប្តាហ៍នេះ26571
  • ខែនេះ14381
  • ឆ្នាំនេះ997601
  • សរុប20225047