នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ​ចូលរួម​បុណ្យសព និង​គោរព​វិញ្ញាណក្ខន្ធ​លោក យ៉ា បូរ៉ា​

14-March-2016 | ដោយ មែន កំសត់

​ភ្នំពេញ​៖   នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៦​នេះ​បាន​ដឹកនាំ ស្នងការរង នាយការិយាល័យ​អធិការ​ខណ្ឌ ទៅ​ចូលរួម​បុណ្យសព និង​គោរព​វិញ្ញាណក្ខន្ធ​លោក យ៉ា បូរ៉ា ជា​មន្ត្រីនគរបាល​ផ្នែក សណ្តាប់ធ្នាប់​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា ដែល​បានទទួល​មរណភាព នៅ​រសៀល​ថ្ងៃ​ម្សិលមិញ ខណៈដែល​លោក បាន​ចូលរួម​ការពារ​សវ​ត្ថិ​ភាព គណៈប្រតិភូ ហើយ​បាន​ខ្យល់គ ស្ថិតនៅ​គោលដៅ​ក្តាន់​២ តាមផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី។​

​ចំពោះ​ការបាត់​បង់ជីវិត​រប​ស់​មន្ត្រីនគរបាល​រូបនេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ បាន​ថ្លែង​ផ្តាំផ្ញើ​ការចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ ចំពោះ​គ្រួសា​សព​ទាំងមូល ពី​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ ដែល​បាន​បាត់បង់​មន្ត្រី នគរបាល​ម្នាក់​ធ្លាប់មាន​ស្នាដៃ ចូលរួម​បម្រើ​សង្គមជាតិ និង​ប្រជាពលរដ្ឋ​នាពេល​កន្លងទៅ​។​
​នៅក្នុង​ឱកាស​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​នាំយក​ថវិកា ចំនួន​១២​លាន​រៀល និង​៥០០​ដុល្លា របស់​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ និង​ថវិកា​របស់​សមាគម​មិត្ត​នគរបាល ព្រមទាំង​ការចូលរួម​ពី​មន្ត្រី​ផ្សេងទៀត ទៅ​ប្រគល់ជូន​ក្រុមគ្រួសារ​សព​ព្រមទាំង បាន​បំពាក់ស័ក្តិ​មច្ឆា​មរណ ពី​អនុសេនីយ៍ឯក ទៅជា​វរសេនីយ៍ត្រី​ទៀតផង ។​
​ដោយ​មើលឃើញ​ពី​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ​របស់​សព លោក យ៉ា បូរ៉ា ដែលមាន​កូន​៤​នាក់ (​ស្រី​២​នាក់​ប្រុស​២​នាក់​) នោះ​ហើយ​ម្តាយ ត្រូវ​រ៉ាប់រង​ចិញ្ចឹម​បីបាច់ លោកស្នងការ​ក្រោម​ការណែនាំ​ពី​ថ្នាក់លើ បាន​ឲ្យ​មន្ត្រី​រៀបចំ​ការបញ្ចូល​ឈ្មោះ កូនប្រុស​ទាំង​២​នាក់​របស់​សព ចូល​បម្រើ​ជា​មន្ត្រី​នគរបាលជាតិ​ផងដែរ​។​

​សូមបញ្ជាក់ថា ចំពោះ​ការបាត់​បង់ជីវិត​រប​ស់​មន្ត្រីនគរបាល​រូបនេះ បានធ្វើ​ឲ្យ​មានការ​រំជើបរំជួល និង​អាណិតអាសូរ​យ៉ាងខ្លាំង ពី​មហាជន​ទូទៅ មន្ត្រី​កងកម្លាំងប្រដាប់អាវុធ​ដូចគ្នា និង​អ្នកសារព័ត៌មាន​ជាច្រើន​នាក់ រហូត​នាំគ្នា​ចូលរួម​បរិច្ចាគ​ថវិកា​ជា​បន្តបន្ទាប់ ក្នុងនោះ​សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចូលរួម​បុណ្យសព ចំនួន​១​លាន​រៀល​ផងដែរ​។​

​សូមបញ្ជាក់ថា លោក យ៉ា បូរ៉ា មន្ត្រីនគរបាល​សណ្តាប់​ធ្នាប់ និង​ចរាចរណ៍ ខណ្ឌ​៧​មករា បាន​ខ្ស​ល់គ​ដួល​ស្លាប់ នៅ​ម៉ោង​៤​រសៀល ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦​នេះ ខណៈ​កំពុង​ឈរ​ការពារ​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល អញ្ជើញ​ត្រឡប់​មកពី​បំពេញ ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ​។​

​យោងតាម​សាក្សី បាន​ឲ្យ​ដឹងថា នៅ​ម៉ោង​កើតហេតុ ខណៈដែល​លោក យ៉ា បូរ៉ា កំពុង​ការពារ​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ នៅ​គោលដៅ ចំណុច​ក្តាន់​ពីរ តាម​បណ្ដោយ វិថី​សហព័ន្ធរ​ស្ស៊ី សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ស្រាប់តែ​ដួល​ទាំង​ជំហរ ទាំង​មិនដឹង​មូលហេតុ​។​

​ក្រោយ​ឃើញ​ដួល​ភ្លាម​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ ជួយ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ តាម​រឺ​ម៉ក​ម៉ូតូ​កង់​បី តែ​គួរ​ឲ្យ​សោកស្តាយ  លោក យ៉ា បូរ៉ា បាន​ស្លាប់បាត់​បង់ជីវិត​តាមផ្លូវ​។​

​បើតាម​សាក្សី​បានដាក់​ការសង្ស័យថា មរណភាព​របស់ យ៉ា បូរ៉ា អាច​បណ្តាលមកពី​ខ្យល់គរ ដោយសារ​ពេល​លោក​កំពុង​ឈរ​ការពារ សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ​មេឃ​ក្តៅ​ខ្លាំង​៕













 
























 


 

ចំនួនអ្នកទស្សនា

    20224937

  • ថ្ងៃនេះ6991
  • ម្សិលមិញ7271
  • សប្តាហ៍នេះ26461
  • ខែនេះ14271
  • ឆ្នាំនេះ997491
  • សរុប20224937