ភ្នំពេញ ៖ ប្រជាពលរដ្ឋ១គ្រួសារ រស់នៅភូមិ ត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានសម្តែងការខឹងសម្បារ និងបានសម្រេចចិត្តប្តឹងពី លោកអនុប្រធានភូមិនេះម្នាក់ ឈ្មោះ ព្រិន បូរី ភេទប្រុស អាយុ៥៤ឆ្នាំ ចោទពីបទរំលោភសេចក្តីទុកចិត្ត និងបន្លំប្តូរទីតាំងដីធ្លី ដែលលោកអនុប្រធាន ភូមិរូបនេះបាននាំគាត់ទៅទិញដីនោះ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ដើម្បីឲ្យលោកចៅសង្កាត់ដោះស្រាយរកយុត្តិធម៌ជូន។
លោក សែ អេង និងប្រពន្ធឈ្មោះ ជា ចំរើន ជាដើមចម(អ្នកប្តឹង)បាននិយាយថា កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦ ពួកគាត់បានទិញដីពី លោកព្រិន បូរី អនុប្រធានភូមិត្រពាំងស្វាយ តាមរយៈបុរសម្នាក់ឈ្មោះភ័ក្តិ អ្នករកស៊ីគួកជេដី បាននាំគាត់ទៅទិញដីនោះមួយកន្លែងទំហំទទឹង៥ម៉ែត្រ និងបណ្តោយប្រវែង៨ម៉ែត្រ នៅភូមិត្រពាំងស្វាយ ក្រុមទី១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្នុងតម្លៃ ១២ ២០០ដុល្លាអាមេរិក($12 200) ដោយកក់ប្រាក់ចំនួន១ពាន់ដុល្លាឲ្យទៅ លោកព្រិន បូរី និងបានប្រគល់ប្រាក់ឲ្យគ្រប់ចំនួននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ តែពេលប្រគល់ប្រាក់គាត់បានឲ្យឈ្មោះ ហ៊ុយ សាផន ភេទប្រុសមានទីលំនៅភូមិស្នួល ឃុំស្ពឺ ស្រុកបាភ្នំ ខេត្តព្រៃវែង ជាអ្នកមកទទួលយកលុយថ្លៃទិញដីនេះទៅវិញដោយ លោក ព្រិន បូរី នេះបានណែនាំអោយគាត់ធ្វេីច្បាប់ត្រឹមតែសាលាសង្កាត់ ប៉ុណ្ណោះ។
១ថ្ងៃក្រោយមកគឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ លោក ព្រិន បូរី បានរត់ការឲ្យ លោកជុំ សារ៉ាយ ចៅសង្កាត់ ភ្នំពេញថ្មី បានចុះហត្ថលេខា បោះត្រាទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិដីលំនៅដ្ឋានជាផ្លូវការ ហើយយកមកប្រគល់ឲ្យជនរងគ្រោះជាអ្នកទិញ។ ជនរងគ្រោះបាននិយាយថា នៅពេលបានឯកសារទិញលក់ដីនេះហើយ គាត់ក៏បានយកឯកសារប្លង់ដីនេះទៅខ្ចីលុយពីធនាគារប្រាសាក់ ចំនួន៦០០០ដុល្លារ ដើម្បីយកលុយមកសង់ផ្ទះនៅព្រោះផ្ទះចាស់នៅជាប់ផ្លូវប្រឡាយ៩២បាន លក់ចេញហើយយកលុយមកទិញដីនេះអស់ហើយ ដោយមានតែដីអត់ផ្ទះនៅ។
ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធបានបន្តថា នៅពេលធ្វើផ្ទះបានស្ទើរតែរួចរាល់ហើយគឺបានប្រហែល៨ភាគរយ លុះនៅថ្ងៃទី២៣ ខែកុម្ភៈ ដដែលនេះ ទើបលោក ព្រិន បូរី បានប្រើកូនឲ្យមកហៅគាត់ឲ្យទៅជួបនៅផ្ទះខ្សឹបប្រាប់ថា – “បង ជា ចំរើន ឯងសង់ផ្ទះច្រឡំលើដីគេហើយ តែបងចំរើនឯងកុំមាត់អី ធ្វើបន្តទៀតទៅ ចាំពេលណាម្ចាស់គេមករករឿងចាំខ្ញុំជួយដោះដូរដីនោះឲ្យ។
រឿងនេះបើនិយាយឲ្យអ្នកដទៃដឹងច្រើនខ្ញុំឈប់ទទួលដោះស្រាយឲ្យ”។ ជនរងគ្រោះបាននិយាយថា គាត់គ្រាន់តែប្តឹងសូមឲ្យលោក ព្រិន បូរី ចេញលុយសងថ្លៃឈ្នួលជាងធ្វើផ្ទះ និងសម្ភារៈខូចខាតនៅពេលរុះរើផ្ទះចេញពីទីតាំងដីនេះ ព្រោះគាត់មិនអាចបន្តសម្ងំសាងសង់បំពានច្បាប់ឃុបឃិតតាមការណែនាំ របស់លោកព្រិន បូរី នេះតទៅទៀតបានទេ ព្រោះខ្លាចជាប់គុក តែបើមិនសងការខូចខាតនេះនេះទេគាត់នឹងប្តឹងទៅតុលាការជាបន្តទៀត ហើយ។ លោក ព្រិន បូរី អនុប្រធានភូមិត្រពាំងស្វាយ ដែលកំពុងរងការចោទប្រកាន់នោះ មិនអាចទំនាក់ទំនងជួបបានទេដើម្បីសុំការពន្យល់បំភ្លឺជុំវិញ ការចោទប្រកាន់នេះដែលទូរស័ព្ទរបស់លោកត្រូវបានបិទ មិនអាចទាក់ទងបានតាំងពីថ្ងៃអាទិត្យ រហូតដល់ថ្ងៃច័ន្ទទី១៤ ខែមីនា ឆ្នាំ២០១៦នេះ។
សូមរំលឹកថា កន្លងមក លោក ព្រិន បូរី និងលោក ជា អៀង មេភូមិត្រពាំងស្វាយ បានត្រូវប្រជាពលរដ្ឋនាំគ្នាប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយម្តង មកហើយ កាលពីអំឡុងពេល១ឆ្នាំមុននេះ ពីបទរៀបឯកសាររត់ការប៉ងលក់ដីរួមភូមិមួយកន្លែងនៅជាប់ផ្លូវខាង ជើងសាលារៀនទៅឲ្យក្រុមហ៊ុនឯកជនមួយក្នុងតម្លៃ២៤ម៉ឺនដុល្លារ អាមេរិក ដោយលាក់លៀមមិនឲ្យលោកអភិបាលខណ្ឌដឹងនិងមានរឿងអាស្រូវមួយចំនួនទៀត ពាក់ព័ន្ធរឿងលក់ដីធ្លីយកលុយចែកគ្នាស្ងាត់ៗតែត្រឹមថ្នាក់ភូមិ ធ្វើឲ្យប្រជាក្តៅក្រហាយ៕