កំពង់ធំ ៖ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងសហការីបានចុះទៅសួរសុខទុក្ខលើកទឹកចិត្តដល់យុទ្ធមិត្ត ឈ្មោះ ទឹម ហ៊ន អាយុ៥៦ ឆ្នាំអតីតជាមេបញ្ជាការកងអនុសេនាធំលេខ២នៃយោធាស្រុកសន្ទុក ខេត្តកំពង់ធំ បានធ្លាក់ខ្លួនពិការក្នុងសមរភូមិ ដោយសារសង្គ្រាមផ្ទៃក្នុងនៅឆ្នាំ១៩៨៨ ។
បច្ចុប្បន្នអតីតយោធិនពិការរូបនេះ កំពុងរស់នៅជាមួយភរិយាពិការជើងដូចគ្នាតែ២នាក់ក្នុងខ្ទមកំសត់កណ្តាលវាលស្រែស្ថិតនៅភូមិ តាញ៉ោក ឃុំប្រសាទស្រុកសន្ទុកខេត្តកំពង់ធំ ដោយប្រកបរបចិញ្ចឹមជីវិតដោយចិញ្ចឹមមាន់ទាលក់ដើម្បីតស៊ូចិញ្ចឹមជីវិតប្រកបដោយសុច្ចរិតនិងសេចក្តីថ្លៃថ្នូ។ រួមនិងប្រាក់បៀវត្សន៏ដែលរាជរដ្ឋាភិបាលផ្តល់ជូនក្នុងមួយខែ៥៦០,០០០រៀលផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម សោម ស៊ុន បានផ្តល់នូវជំនួយមួយចំនួនរួមមាន ថវិកា១០០,០០០រៀល អង្ករ៥០គីឡូក្រាម មីយើង១កេសទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងទឹកបរិសុទ្ឋចំនួន៤យួរផងដែរ៕