ភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦នេះ លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ និងជាអនុប្រធានគណៈកម្មការ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវបានពាំនាំយកអំណោយមានគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួនរបស់កាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ មកឧបត្ថម្ភចែកជូនគ្រួសាររងគ្រោះ ដោយសារអគ្គិភ័យចំនួន៤គ្រួសារ នៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ពិធីនេះមានការចូលរួម ពីលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ ចៅសង្កាត់ និងក្រុមនិស្សិត (អ.ម.ត) និង (ស.ស.យ.ក) របស់សាលាខណ្ឌឫស្សីកែវ អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ និងតំណាងអាជ្ញាធរភូមិ។
នាឱកាសនោះ លោក ជា ពិសី និងជាអនុប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ បានលើកឡើងថា ដោយការយកចិតទុកដាក់ខ្ពស់ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ បានសម្រេចពាំនាំយក នូវអំណោយមកផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋទីទ័លក្ររងគ្រោះ ដោយសារអគ្គិភ័យចំនួន៤គ្រួសារនេះ ថ្វីត្បិតតែមានចំនួនតិចតួចស្ដួចស្ដើង ប៉ុន្តែក៍អាចជួយសម្រាលនូវទុកលំបាក របស់បងប្អូនប្រជាពលរដ្ឋ បានមួយចំនួនផងដែរ។
លោកអភិបាលខណ្ឌ ក៏ បានបន្តថា៖ ចំពោះអំណោយដ៍ថ្លៃថ្លា របស់សម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចែកជូនក្នុង១គ្រួសាររួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស១០កញ្ចប់ ចានដែក១ ចានស្រាក់១ ធុងទឹកកក១ បំពង់ទឹកក្តៅ១ ឆ្នាំងបាយ១ ខ្ទះ១ ទឹកដោះ គោ១កំប៉ុង ស្ករស១kg ត្រីខ១កំប៉ុង តែ១០កញ្ចប់ ថាសជ័រ១ និងថវិកា ៤០០០០រៀល (បួនម៉ឺនរៀល ដោយឡែកសមាគមនិស្សិត (អ.ម.ត) ក៏បានឧបត្ថម្ភជូនក្នុង ១គ្រួសារ ២០០០០រៀល (ពីរម៉ឺនរៀល) ផងដែរ។
គួររំឮកថា ក្នុងមួយប៉ព្រិចភ្នែកផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ស្មើនិង៤គ្រួសារ ត្រូវបានអគ្គិភ័យលេបត្របាក់ស្ទើរទាំងស្រុង បង្កឲ្យមានការភ័យខ្លាច និងភ្ញាក់ផ្អើលដល់កម្លាំងរថយន្ដ ពន្លត់អគ្គិភ័យ ប្រជាការពារ និងម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌឫស្សីកែវ មកអន្តរាគមន៍ភ្លាមៗផងដែរ។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលើបានកើតឡើង កាលពីវេលាម៉ោង១១ និង១៥នាទី ត្រូវនឹងថ្ងៃអាទិត្យ ទី០៦ ខែមីនា ឆ្នាំ២០១៦កន្លងមកថ្មីនេះ ត្រង់ចំណុចផ្លូវជួរមាត់ទន្លេ ក្រុម១៣ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក ហ៊ូយ សាម៉ន ចៅសង្កាត់ស្វាយប៉ាក បានបញ្ជាក់ថា៖ ផ្ទះប្រជាពលរដ្ឋដែលត្រូវអគ្គិភ័យឆាបឆេះចំនួន២ខ្នង ស្មើនិង៤គ្រួសារខាងលើនេះ គឺជាផ្ទះដែលធ្វើឡើងពីឈើ លើក្រោមថ្មប្រក់សង្កសី ខណៈដែលអគ្គិភ័យកំពុងឆាបឆេះយ៉ាង សន្ធសន្ធៅនោះ ក៍មានកិច្ចអន្តរាគមន៍ពីរថយន្ដពន្លត់អគ្គិភ័យ ចំនួន៤គ្រឿង របស់សាលាខណ្ឌឫស្សីកែវ បានចេញមកអន្តរាគមន៍ភ្លាមៗ ប៉ុន្តែមិនបានបាញ់ទឹកពន្លត់ឡើយដោយសារមានការសហការជួយអន្តរាគមន៍ ពីកម្លាំងប្រជាការពារ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌឫស្សីកែវ បានមកជួយអន្តរាគមន៍ ដោយយកបំពង់បាញ់ពន្លត់អគ្គិភ័យ ជួយបាញ់ពន្លត់ឲ្យរលត់សូន្យសុងទៅវិញភ្លាមៗផងដែរ៕