លោក សេង គន្ធ ចុះ​បិទ​ក្លឹប​ពេល​រាត្រី Spyder ក្រោយ​មានការ​វាយតប់​គ្នា​រវាង​ក្រុម​ភ្ញៀវ និង​ក្រុម​សន្តិសុខ

15-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ លោក សេង គន្ធ អភិបាលរងខណ្ឌ​ពោធិ​សែន​ជ័យ នៅ​ល្ងាច​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៦​នេះ បាន​ដឹកនាំ​មន្ត្រី និង​សមត្ថកិច្ច ចុះ​ផ្អាក​ក្លឹប​កំសាន្ត​ពេល​រាត្រី Spyder ដែលមាន​ទីតាំង​ស្ថិត នៅតាម​ប​ណ្តោ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ក្រោយពី​មាន​ហេតុការណ៍ វាយតប់​គ្នា​រវាង​ក្រុម​ភ្ញៀវ និង​ក្រុម​សន្តិសុខ​នា​យប់មិញ​នោះ ។​

លោក សេង គន្ធ អភិបាលរងខណ្ឌ បាន​ថ្លែងប្រាប់ ថា៖ ក្រោយ​មានរឿង​នេះ លោក​អភិបាលខណ្ឌ បាន​ចាត់តាំង​ឲ្យ​លោក​ចុះមក​ត្រួតពិនិត្យ ហើយ​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន ដោយ​រង់ចាំ​ការដោះស្រាយ និង​មាន​ចំណាត់​ថ្មី​។​
​សូមបញ្ជាក់ថា ក្រុម​ភ្ញៀវ​ដែលជា​និស្សិត​មាន​គ្នា​៦​នាក់ បាន​ចោទប្រកាន់ ទៅលើ​ក្រុម​សន្តិសុខ​ថា ប្រើ​អំពើហិង្សា​ពួកគេ ដោយ​អូស​ចេញមកក្រៅ​ក្លឹប ហើយ​វាយ​រហូត​ហើម​មុខ​ហើម​មាត់ ពី​ព្រោះតែ​ពួកគេ​យក​ទូរស័ព្ទ មក​ថត​លេង​ជាមួយគ្នា នៅពេល​កំពុង​ផឹកស៊ី​។ ជនរងគ្រោះ​ទី​១ ឈ្មោះ​រស់ តាក់ ហៅ​គន្ធ អាយុ​២៥​ឆ្នាំ ជា​និស្សិត​ផ្នែក​កសិកម្ម ស្នាក់នៅ​ក្នុង​បុរី​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ និង​ទី​២ ឈ្មោះ​វង្ស សុខ​ហេង ស្នាក់នៅ​ជាមួយគ្នា​។​
​តែ​ចំពោះ​ការចោទប្រកាន់​នេះ លោក សេង គន្ធ ក្រោយ​បាន​សួរនាំ ទៅលើ​ក្រុម​សន្តិសុខ និង​មេកា​នៅ​ទីនោះ បាន​ប្រាប់ថា មុនពេល​កើតហេតុ​ក្រុមនិស្សិត​ទាំងនេះ បាន​ចូលទៅ​ផឹកស៊ី​ក្នុង​ក្លឹប ហើយ​មាន​ម្នាក់​បាន​ពាក់មួក ពេលនោះ​សន្តិសុខ ក៏​ដើរទៅ​ប្រាប់​សូម​ឲ្យ​ដោះ​មួក តែ​រូបគេ​មិន​ព្រមស្តាប់​ថែមទាំង​ឆ្លើយថា «​ខ្ញុំ​ចង់​ពាក់​នៅទីណា​ជា​សិទ្ធិ​របស់ខ្ញុំ​»​។​

​ដោយសារតែ​មិន​ស្តាប់​សន្តិសុខ ក៏​មិន​និយាយ​តប ហើយ​ដើរចេញ ស្រាប់តែ​ក្រុម​ពួកគេ​នេះ បាន​យក​ទូរស័ព្ទ​ទៅ​ថត​គេ​ថត​ឯង ដែល​នៅ​តុ​ផ្សេង និង​កំពុង​រាំ​។ ពេលនោះ​ក្រុម​សន្តិសុខ ក៏​ដើរទៅ​ប្រាប់ទៀតថា កុំ​ឲ្យ​ថត​គេ បើ​ចង់​ថត​គ្នាឯង​នៅ​តុ​ខ្លួនឯង​ក៏​ថត​ទៅ ។ ពេល​ប្រាប់​នោះ​ភាគី​ខាង​ភ្ញៀវ ក៏​មិន​ព្រមស្តាប់​ទើប​ឈាន ទៅដល់​ការឈ្លោះប្រកែក​គ្នា​ខ្លាំង ហើយក៏​នាំគ្នា​ចេញមកក្រៅ​ក្លឹប​។ ពេល​ចេញមកក្រៅ​នោះ​ខាង​ភ្ញៀវ ក៏​ទៅ​វាយ​សន្តិសុខ រហូត​មានការ​ប្រតប់​គ្នា​បង្ក​ឲ្យ មានការ​ភ្ញាក់ផ្អើល​រហូត​សមត្ថកិច្ច ចុះទៅ​ជួយ​អន្តរា​គម​ន៌​ផងដែរ​។​

អ្នកជិតខាង​បាន​និយាយថា​ក្លឹប ខាងលើនេះ​ឧស្សាហ៍​កើត​ជម្លោះ​ណាស់ បើ​មិន​ឈ្លោះ​រវាង​ភ្ញៀវ និង​ភ្ញៀវ​ទេ​ក៏​កើត​ជម្លោះ​ជាមួយ​សន្តិសុខ​ដែរ ហើយ​ពេលខ្លះ​ពាក់កណ្ដាល អា​ធ្រា​ត្រ​ទៅហើយ​ក៏បង្ក​សំឡេង​រំខាន​ណាស់ដែរ ក្រៅពី​សំឡេង​ភ្លេង​ដែល​ខ្ទរ​ចេញមក​ខាងក្រៅ​នោះ សូម្បីតែ​ពេល​បិទ ភ្ញៀវ​នាំគ្នា​ចេញ​ស្រែក​ឡូឡា​បញ្ឆេះ​ម៉ូតូ​រោ​ទ៏​លាន់​កងរំពង អ្នកជិតខាង​គ្មាន​បាន​ដេក​ពួន​នោះទេ​។​

​ចំពោះ​ការលើកឡើង​ខាងលើនេះ​លោក សេង គន្ធ បាន​ថ្លែងថា លោក​នឹង​ពិនិត្យមើល​បញ្ហា​ទាំងនេះ​ឡើងវិញ ហើយ​ធ្វើ​កិច្ចសន្យា ឫ​ការណែនាំ​ដល់​ម្ចាស់​ក្លឹប​ឲ្យ​កែសម្រួល​ឡើងវិញ ហើយ​មិន​កែសំរួល​ទេ នឹងមាន​វិធានការ​តាមច្បាប់​៕

ចំនួនអ្នកទស្សនា

    20225087

  • ថ្ងៃនេះ7141
  • ម្សិលមិញ7271
  • សប្តាហ៍នេះ26611
  • ខែនេះ14421
  • ឆ្នាំនេះ997641
  • សរុប20225087