កំពង់ ចាម ៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ដោយទទួលបានពត៌មានពីប្រជាពលរដ្ឋ លោកវរសេនីយ៍ទោ ប៉ាក ជាតិ អធិការនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និង លោក បាន ស្រេង នាយករងរដ្ឋបាលសាលាស្រុក បានដឹកនាំកំលាំងចុះបង្ក្រាបដំណាំកញ្ឆានៅចំណុចបឹងកូនចែម ស្ថិតក្នុង ភូមិព្រែកស្តី ឃុំព្រះអណ្តូង ជាលទ្ធផលយើងបានដកកញ្ឆាចំនួន ៣៥១ដើម និងកូនកញ្ឆាក្នុងថ្នាលចំនួន ៣ថ្នាលតូច ធ្វើការដុតកំទេចចោលនៅនឹងកន្លែង ហើយបានឃាត់ខ្លួនម្ចាស់នៅនឹងចំការ ១នាក់ ឈ្មោះ ឃី ជាន ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិព្រែកទក់ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់។ ជនសង្ស័យត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋានស្រុកស្ទឹងត្រង់ នាំទៅសាកសួរ និងចាត់ការតាមនីតិវិធីនៃច្បាប់ ។
យោងមាត្រា៣៨ បទ៖ ដាំដោយខុសច្បាប់នូវរុក្ខជាតិញៀន នៃបញ្ញាតិច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន បានចែងថា៖ ជនណាប្រព្រឹត្តដោយចេតនាល្មើស នឹងបទបញ្ញាត្តិនៃច្បាប់នេះ និងបទបញ្ជាទាក់ទងនឹងការដាំរុក្ខជាតិញៀនដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ ៖ ១.ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ ។
ក្រៅពីទោសដាក់ពន្ធនាគារ ជនល្មើសនឹងអាចត្រូវទទួលបន្ថែមនូវទោសពិន័យជាប្រាក់ពី ១.០០០.០០០ រៀល ទៅ ៤.០០០.០០០ រៀល ។ ២.ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងអាចត្រូវទទួលបន្ថែមទោសពិន័យជាប្រាក់ពី ៤.០០០.០០០ រៀល ទៅ ១០.០០០.០០០ រៀល ក្នុងករណីដែលការប្រព្រឹត្តបទល្មើសនេះធ្វើឡើងក្នុងគោលបំណងចែកចាយ ផលិត ឬធ្វើពាណិជ្ជកម្ម ។ ប្រសិនបើបទល្មើសត្រូវបានប្រព្រឹត្តក្នុងគោលបំណងប្រើប្រាស់ផ្ទាល់ខ្លួន មានបរិមាណតិចតួច និងប្រព្រឹត្តក្នុងក្របខ័ណ្ឌទទួលទានតាមទម្លាប់ ព្រះរាជអាជ្ញាអាចឲ្យជនប្រព្រឹត្តរួចខ្លួនពីបទចោទ ។
ប្រសិនបើរឿងនេះទៅដល់តុលាការ តុលាការអាចសម្រេចឲ្យចារីនៃហេតុការណ៍នេះ មិនបាច់ទទួលទោស ឬគ្រាន់តែស្តីបន្ទោសជននោះប៉ុណ្ណោះ ។ ត្រូវចាត់ទុកថាជាការទទួលទានតាមទម្លាប់ ការទទួលទាន ដែលមិនបណ្តាលឲ្យញៀន ហើយអ្នកទទួលទានជាអ្នកស្រុកទទួលទានតាមដូនតាធ្លាប់ប្រព្រឹត្តជាយូរមកហើយ ៕