មន្ត្រី​សាលាខណ្ឌ​ជ្រោយចង្វារ ចោទ​ក្រុមហ៊ុន​បូម​ខ្សាច់ KPY អាង​មាន​អាជ្ញាប័ណ្ណ​ពីរ​ដ្ឋ ទៅ​ដាក់​ទុយោ​បូម ពេញ​ទឹក​ពេញ​ដី​

16-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ម្ចាស់​អាជីវកម្ម​បូម​ខ្សាច់​ក្រុមហ៊ុន KPY Development Group Co,. Ltd បាន​ប្តឹង​សន្តិសុខ​សាលាខណ្ឌ​ជ្រោយចង្វា​រថា បាន​លើកគ្នា​មក​កាប់​ទុយោ​បូម​ខ្សាច់​ជា​កង់ៗ ហើយ​លើកដាក់​លើ​រថយន្ត​មិនដឹង​មូលហេតុ ខណៈ​ក្រុមហ៊ុន​បានធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ដោយមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​។​

​លោក ឯល គ្រី​យ៉ា នាយក​ក្រុមហ៊ុន KPY បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦​កន្លងទៅ​ថ្មីៗ​នេះ ឈ្មោះ ប៉ែន ហាន តួនាទី​ជា​អនុប្រធាន​សន្តិសុខ​ខណ្ឌ​ជ្រោយចង្វារ និង​មន្ត្រី​មួយចំនួន បានធ្វើ​សកម្មភាព​វាយកម្ទេច​ទុយោ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន ដែល​កំពុងធ្វើការ​បូម​ខ្សាច់ នៅ​ទីតាំង​ភូមិ​ព្រែក​តាសេក សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ ដោយ​មិនមាន​ដឹង​មូលហេតុ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ពី​សំណាក់​អ្នកស្រុក​ដែល​រស់នៅ​តំបន់​នោះ​ថែម​ទៀតផង​។​

​ជុំវិញ​ករណីនេះ មន្ត្រី​សាលាខណ្ឌ​ជ្រោយចង្វារ បាន​ចេញមក​បដិសេធ​ភ្លាមៗ ដោយ​ឆ្លើយតប​ទៅវិញ​ថា ក្រុមហ៊ុន​មួយ​នេះ អាង​មាន​អាជ្ញាប័ណ្ណ​ពីរ​ដ្ឋ ស្រាប់តែ​ធ្វើ​សកម្មភាព​ដាក់​ទុយោ​បូម​ខ្សាច់​ពេញ​ទឹក​ពេញ​ដី គ្មាន​សហការ​ជាមួយ​អាជ្ញាធរ តាំងពី​ថ្នាក់ភូមិ​រហូតដល់​ថ្នាក់​ខណ្ឌ​នោះឡើយ​។ ជាមួយគ្នានេះ​ខាង​សាលាខណ្ឌ បាន​កោះហៅ​ទៅ​ដោះស្រាយ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​មួយ​នេះ មិនបាន​ចូលខ្លួន​នោះឡើយ រហូតមកដល់​ពេលនេះ​។​

​មន្ត្រី​សាលាខណ្ឌ​ជ្រោយចង្វារ បាន​ប្រាប់ នៅ​រសៀល​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦​នេះ​ថា «​ក្រុមហ៊ុន​មួយ​នេះ មាន​អាជ្ញាប័ណ្ណ​ហើយ តែ​មិនដែល​មក​សហការ​ជាមួយ​យើង​នោះទេ ពោល​នៅពេល​ដាក់​ទុយោ​បូម​ខ្សាច់​ម្តងៗ នៅ​កន្លែង​ណាក៏ដោយ ក៏​មិនដែល​រាយការណ៍ និង​ជូនដំណឹង​មក​ភូមិ​-​សង្កាត់ និង​ខណ្ឌ​នោះទេ ពួកគេ​ចង់​ដាក់​បូម​កន្លែង​ណា​ស្រេច​តែ​គេ ដូច្នេះហើយ​យើង​ក៏​ប្រើ​វិធាន​រដ្ឋបាល​ចុះទៅ​ប្រមូលយក​ទុយោ​មក​ដាក់​សាលាខណ្ឌ រង់ចាំ​ឲ្យ​តំណាង​ក្រុម​ហ៊ុម ចូលខ្លួន​មក​ដោះស្រាយ និង​បង្ហាញ​ច្បាប់ទម្លាប់ តែ​មកដល់ពេលនេះ មិនទាន់​ឃើញ​ពួកគេ​ចូលខ្លួន​ឡើយ ថែមទាំង​បានដាក់​ពាក្យបណ្តឹង​ទៅកាន់​តុលាការ​ទៀតផង​»​។​

​ចំពោះ​ការដាក់​ពាក្យបណ្តឹង​នេះ ត្រូវបាន​មន្ត្រី​សាលាខណ្ឌ​ជ្រោយចង្វារ​ថ្លែងថា ខាង​សាលាខណ្ឌ​ក្រោម​ការដឹកនាំ​ពី​អភិបាលខណ្ឌ លោក ឃ្លាំង ហួត បានធ្វើ​របាយការណ៍​ទៅ​សាលា​រាជធានី​ភ្នំពេញ​ផងដែរ ដើម្បី​សុំ​ឲ្យ​មេធាវី​របស់​សាលា​រាជធានី ជួយ​ដោះស្រាយ និង​បន្ត​នីតិវិធី​តាមច្បាប់ ពីព្រោះ​យើង​ត្រូវការពារ​ក្រុម​សន្តិសុខ​របស់​យើង​ដែល​ធ្វើ​ត្រូវ និង​ធ្វើឡើង​តាម​ការណែនាំ​ពី​ថ្នាក់ដឹកនាំ​៕

ចំនួនអ្នកទស្សនា

    20226027

  • ថ្ងៃនេះ8081
  • ម្សិលមិញ7271
  • សប្តាហ៍នេះ27551
  • ខែនេះ15361
  • ឆ្នាំនេះ998581
  • សរុប20226027