ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦គណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌ៧មករា ដឹកនាំដោយលោក លីម សុភា អភិបាលខណ្ឌបាន យកអំណោយជាថវិកាជូន លោកអនុសេនីយ៍ទោ លឹម សូផន នាយរងផ្នែកសណ្តាប់ធ្នាប់ ដែលបានគ្រោះថ្នាក់ចរាចរណ៍ ហើយសំរាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ពិធីនេះមានការចូលរួម ពីលោក កៀង ល័ក្ស អភិបាលរងខណ្ឌ លោក ហៀក ចាន់លាង អភិបាលរងខណ្ឌ លោកវរសេនីយ៍ត្រី ហ៊ន វិបុល អធិការរង តំណាងអោយលោកវរសនីយ៍ឯក នេត ស៊ីថុន អធិការនគរបាលខណ្ឌ ៧ មករា ,លោកអនុសេនីយ៍ទោ ង៉ែត សារុន នាយរងផ្នែកសណ្តាប់ធ្នាប់ និង លោកអនុសេនីយ៍ទោ ហ៊ុន សំអឿន នាយរងផ្នែកសេនាធិការ ខណ្ឌ។
នាឱកាសនោះ លោក លីម សុភា អភិបាលខណ្ឌ បានសម្ដែងនូវទឹកចិត្ត អាណិតអាសូរ ចំពោះអនុសេនីយ៍ទោ លឹម សូផន នាយរងផ្នែកសណ្តាប់ធ្នាប់ ដែលបានគ្រោះថ្នាក់ចរាចរណ៍ ហើយសំរាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងនាមបុព្វហេតុការពារជាតិ និងភារកិច្ច ដែលរូបនាយនគរបាលក្នុងការបំពេញ ប្រតិបត្តិការ តែអកុសល ក៏ត្រូវជួបគ្រោះថ្នាក់ចរាចរណ៍នេះ ។
ទន្ទឹមនឹងការចុះសាកសួរនេះផងដែរ ក្រុមការងារបានពាំនាំនិងឧបត្ថម្ភថវិកា ចំនួន ៥០០$ ( ប្រាំរយដុល្លាអាមេរិច ) ព្រមទាំងថវិការបស់លោកអធិការ និងសហការី ចំនួន ៨០០,០០០៛ ( ប៉ែតសិបម៉ឺនរៀល ) ជូនដល់ លោកលឹមសូ ផន ដើម្បីយកដោះស្រាយ និងប្រើប្រាស់ព្យាបាលជម្ងឺទៀតផង៕
អត្ថបទដោយ៖ សីហា