កណ្ដាល ៖ នាព្រឹក ថ្ងៃទី២០ ខែមិនាឆ្នាំ២០១៦ ពិធីបញ្ចុះបឋមសិលាសាងសង់អាគារសិក្សា ០១ខ្នង មាន៥បន្ទប់ នៅសាលាបឋមសិក្សា សំពៅមាស ឃុំ សំពោពូន ស្រុក កោះធំ ខេត្តកណ្តាល ក្រោមអធិបតីភាព លោកជំទាវ ស៊ីវ ប៊ួយ កុក អាន សមាជិកព្រឹទ្ធសភាជាតិ ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោកស្រី ភូ ឈាលីន អគ្គនាយិការ ក្រុមហ៊ុនក្រោនកាស៊ីណូជ្រៃធំ និង លោក ឫទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ ភ្នំពេញក្រោន ប្រធាន អនុប្រធានការិយាល័យ អង្គភាពជុំវិញស្រុក ប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក សសយក ស្រុក យុវជន កាយារិទ្ធ យុវជន កាកបាទក្រហមលោកគ្រូ អ្នកគ្រូ លោក មេឃុំ ក្រុមប្រឹក្សាឃុំ នគរបាលប៉ុស្តិ៍ មេភូមិ និង ប្រជាពលរដ្ឋ ជា ច្រើនផងដែរ ។
ក្រោយពីស្ដាប់របាយការណ៍របស់ លោក អភិបាល នៃគណៈអភិបាលស្រុក កោះធំ ដែលបានលើកឡើងនូវការវិវឌ្ឍន៍សមិទ្ធិនានាក្នុងស្រុក និងធានាបាននូវស្ថេរភាពនយោបាយ សន្តិសុខ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ស្រុក កោះធំ រួច មក មានមតិសំណេះសំណាល ទៅកាន់ប្រជាពលរដ្ឋ និងពុទ្ធ បរិស័ទ ក្នុងឱកាសលោកជំទាវ ស៊ីវ ប៊ួយ កុក អាន សមាជិកព្រឹទ្ធសភាជាតិ បានមានប្រសាសន៍កោតសរសើរចំពោះ អាជ្ញាធរ សប្បុរសជននានា ដែលមានទឹកចិត្តជ្រះថ្លាចំណាយធនធានថវិកាចូលរួម កសាងសមិទ្ធផលទាំងអស់នេះឡើងទុកជាប្រយោជន៍បម្រើដល់វិស័យសង្គមអប់រំសិក្សាធិការ។ លោកជំទាវបានរំឮកឡើងថា៖ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ហេដ្ឋារចនាសម្ព័ន្ធសង្គម និងវិស័យព្រះពុទ្ធសាសនាត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង។ ក្រោយថ្ងៃ៧មករា ឆ្នាំ១៩៧៩ ប្រទេសជាតិប្រជាពលរដ្ឋត្រូវបានរស់រានមានជីវិតថ្មីឡើងវិញ ហើយហេដ្ឋារចនាសម្ព័ន្ធសង្គមលើគ្រប់វិស័យត្រូវបានកសាងជាបន្តបន្ទាប់ ពិសេសវិស័យព្រះពុទ្ធសាសនា និងវិស័យ សង្គម កិច្ច សេដ្ឋកិច្ច ត្រូវបានកើតឡើងវិញក្រោមស្នាដៃ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការបង្រួបបង្រួមជាតិ និងមានសេចក្ដីសុខសាន្ត ពិសេសរក្សាបាននូវស្ថិរភាពនយោបាយ បូរណភាពទឹកដី និងការអភិវឌ្ឍគ្រប់វិស័យ។
ជាមួយនិងការរីកចម្រើននេះ រាជរដ្ឋាភិបាលក៏បានបើកទូលាយនូវសិទ្ធិសេរីភាពខាងជំនឿសាសនា ដោយបានបង្កលក្ខណៈសម្បត្តិដល់សកម្មភាពនៃសាសនាផ្សេងៗទៀត ដោយផ្អែកលើមូលដ្ឋានថែរក្សាសាមគ្គីភាពរវាងប្រជាជន និងប្រជាជន ដោយរួមរស់ជាមួយគ្នាក្នុងភាពសុខដុមរមនា។
លោក ជំទាវក៏បានថ្លែងនិងសំណូមពរដល់ដឹកនាំស្រុក ឃុំត្រូវ អនុវត្តន៍ ភូមិ ឃុំ មានសុវត្ថិភាព ឲ្យបានល្អ ប្រសើរ បម្រើ សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ដើម្បីសំដៅចូលរួមអភិវឌ្ឍន៍សង្គមជាតិ តាមបែបវិមជ្ឈការនៅមូលដ្ឋាន៕
អត្ថបទ ដោយ៖ លោក សីហា