អភិបាលខេត្ត​កំពង់ចាម កំពុង​ដោះស្រាយ និង​ស្វែងរក​អន្តរាគមន៍​គ្រប់​មធ្យោបាយ ដើម្បី​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​មានទឹក​ប្រើប្រាស់

21-March-2016 | ដោយ មែន កំសត់

 
​កំពង់ចាម​៖ ឯកឧត្តម លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែងប្រាប់​ប្រជាពលរដ្ឋ​នៅ​ឃុំ​រាយប៉ាយ ស្រុក​កងមាស ខណៈ​ចុះ​ពិនិត្យ​ការជីក​អណ្តូងទឹក​ជូន​ប្រជាពលរដ្ឋ នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៦​ថា ឯកឧត្តម​មានការ​សប្បាយ​រីករាយ ចំពោះ​ការជួយ​ប្រជាពលរដ្ឋ តែ​លោក​មិន​សប្បាយចិត្ត នៅពេល​ឃើញ​ប្អូន​ប្រជាពលរដ្ឋ​ខ្វះ​ទឹក​ប្រើប្រាស់​នោះទេ​។​

​ឆ្លើយតប​ចំពោះ​បញ្ហា​ខ្វះ​ទឹក​នេះ ឯកឧត្តម​បានស្នើ​សុំ​ទៅ​ក្រសួង​អភិវឌ្ឍ​ជនបទ​ន៍ ដើម្បី​ជួយ​អន្តរាគមន៍ ដែល​នេះ​ជាការ​ឆ្លើយតប​របស់​អា​ជ្ញា​ធរ អនុវត្ត​ទៅ​អនុសាសន៍ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ក៏ដូចជា របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក្នុងការ​ជំរុញ​ទៅដល់​អាជ្ញាធរ​រាជធានី ខេត្ត ក្រុង យកចិត្តទុកដាក់​រាល់​តម្រូវការ និង​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ។​

​ឯកឧត្តម​អភិបាលខេត្ត​បញ្ជាក់ទៀតថា អាជ្ញាធរខេត្ត ព្រមទាំង​អាជ្ញាធរ​ស្រុក សហការ​ជាមួយ​មន្ទីរជំនាញ អភិវឌ្ឍន៍ជនបទ​ខេត្តកំពង់ចាម ក៏​លើក​ផែនការ​ជីក​ស្រះ​ចំនួន​២​កន្លែង និង​ជីក​អណ្ដូង​ខ្នោះ​ចំនួន ៣២​កន្លែង ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​រាយប៉ាយ ចំនួន​០៨​ភូមិ សម្រាប់​ប្រើប្រាស់​។ សូម​បន្ថែមថា នៅ​ទូទាំង​ឃុំ​រាយប៉ាយ ស្រុក​កងមាស មាន​ប្រជាពលរដ្ឋ​រស់នៅ ប្រមាណ​ជាង ២.៧០០​គ្រួសារ ដែល​កំពុង​ប្រឈម​នឹង​កង្វះខាត​ទឹក​ប្រើប្រាស់​។​
​ក្រោយពី​ពិនិត្យ​ការសាងសង់​អណ្តូង​នៅ​ស្រុក​កងមាស ឯកឧត្តម​អភិបាលខេត្ត បាន​បន្តដំណើរ​ទៅពិនិត្យ​ស្ថានភាព ដែល​អាច​ប្រឈម​ទៅនឹង​កង្វះ​ទឹក នៅ​ឃុំ​ច្បារអំពៅ ស្រុក​បាធាយ ជា​បន្តទៀត​។

បច្ចុប្បន្ន នៅ​ឃុំ​ច្បារអំពៅ ស្រុក​បាធាយ មាន​ចំនួន​៤​ភូមិ ក្នុងនោះ ភូមិ​ស្ទឹង​ឆ្វេង អាច​នឹង​ប្រឈម​ទៅនឹង​បញ្ហា​កង្វះ​ទឹក ប្រើប្រាស់​នាពេលខាងមុខ ប្រសិនបើ​គ្មាន​ភ្លៀង​កក់ខែ ហើយ​លោក​អភិបាលខេត្ត នឹង​រឹះ​រក​មធ្យោបាយ​ជួយ​បន្តទៀត​៕

ចំនួនអ្នកទស្សនា

    20224367

  • ថ្ងៃនេះ6421
  • ម្សិលមិញ7271
  • សប្តាហ៍នេះ25891
  • ខែនេះ13701
  • ឆ្នាំនេះ996921
  • សរុប20224367