កំពង់ធំ៖ ប្រជាពលរដ្ឋប្រមាណ ៥០០០ គ្រួសារក្នុង ស្រុកស្ទោង ខេត្តកំពង់ធំ កំពុងប្រឈមនឹងបញ្ហាខ្វះទឹកប្រើប្រាស់ខណៈដែលករណី អាកាសធាតុនៅកម្ពុជាបានឡើងកម្តៅខ្លាំងក្នុងរយៈពេល ២ ឆ្នាំជាប់ៗគ្នានេះ។
លោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោង បានថ្លែងកាលពីថ្ងៃទី ២១ខែមិនា ឆ្នាំ២០១៦ម្សិលមិញថា៖ ប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារកំពុង ខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ និងការស្រោចស្រព្វដំណាំបើទោះជាពួកគាត់មានសម្រាប់ទឹកទទួលទាន បានជាបណ្តោះអាសន្នខណៈដែលអ្នកភូមិខ្លះត្រូវធ្វើដំណើរចម្ងាយ ឆ្ងាយដើម្បីទៅយកទឹកសម្រាប់ប្រើប្រាស់។
លោកក៏បានបញ្ជាក់ផងដែរថា៖ អាជ្ញាធរស្រុកបានដំឡើងម៉ាស៊ីនបូមទឹកពីអាងស្តុកទឹកដាក់ បញ្ចូលទៅក្នុងទឹកអូរ និងព្រែកដែលប្រជាពលរដ្ឋចំនួន ៧ ត្រូវប្រើប្រាស់ និងកំពុងរងគ្រោះរាំងស្ងួតខ្លាំង។
លោក ព្រឹម រដ្ឋា បានជម្រាបថា៖ «ឥឡូវនេះយើងអាចគ្រប់គ្រងស្ថានការណ៍បានប៉ុន្តែពេលដល់ខែ ឧសភា និង មិថុនានឹងកាន់តែលំបាកទៀតព្រោះអាជ្ញាធរគ្មានប្រាក់ គ្រប់គ្រាន់ដើម្បីធ្វើអន្តរាគមន៍ទេ»។
បើតាមក្រសួងធនធានទឹក និងឧតុនិយមនៅក្នុងខេត្តកំពង់ធំ នេះមានស្រុកចំនួន ២ ដែលកំពុងប្រឈមនឹងការខ្វះទឹកប្រើប្រាស់គឺស្រុកស្ទោង និងស្រុកប្រាសាទបល្ល័ង្ក។
អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមលោក ប៊ុន ហ៊ាន បានឲ្យដឹងថានៅទូទាំងប្រទេសមានឃុំចំនួន ៤៨ ដែលអាចខ្វះទឹកក្នុងអំឡុងរដូវក្តៅខ្លាំងនេះ។
លោក អភិបាលក៏បានបន្តថា៖ ក្រសួងមានគម្រោងពង្រីកជញ្ជាំងនៃអាងទឹកក្នុងស្រុកស្ទោងបន្ថែម ទៀតដើម្បីរក្សាទឹកទុកហើយក្រសួងក៏មានគម្រោងបង្កើនបរិមាណទឹក នៅអូរស្ទឹងជ្រៅបន្ថែមទៀតដែរប៉ុន្តែលោកមិនអាចផ្តល់ពេលវេលា ឬប្រាប់ពីថវិកាចំណាយលើគម្រោងនេះទេ៕