កំពង់ចាម៖ នៅព្រឹកថ្ងៃទី២៣ខែមិនា ឆ្នាំ២០១៦នៅសាលា ស្រុកកោះសូទិនមានរៀបចំពិធីប្រកាសតែងតាំងប្រធាន អនុប្រធានកា រិយាល័យអប់រំ យុវជនកីឡាស្រុក នាយក នាយករង វិទ្យាល័យ អនុវិទ្យាល័យ នាយក នាយករង បឋមសិក្សា ក្នុងស្រុកោះសូទិនចំនួន ៣៥រូប ក្រោមអធិបតីភាព លោក ផេន សុផល អភិបាលស្រុក កោះសូទិន។
ពិធីនេះមានវត្តមានចូលរួមពីលោក ប្រធានមន្ទីរអប់រំ ខេត្ត មន្ត្រីការិយាល័យអប់រំ ក្រោមឱវាទ លោក មេឃុំ លោកគ្រូ អ្នកគ្រូ និង អាជ្ញាធរ សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធជាច្រើននាក់ផងដែរ។
មានមតិសំណេះសំណាលក្នុងកម្មវិធីប្រកាសតែងតាំង នាឱកាសនោះដែរ លោក ផេនសុផល អភិបាលស្រុក កោះសូទិន និងលោក ប្រធានមន្ទីរ អប់រំយុវជន និងកីឡាខេត្ត បានសម្ដែងនូវការកោតសរសើរចំពោះបុគ្គលិកការិយាល័យអប់រំស្រុក ដែលបានបំពេញការងារបានល្អ ក្នុងវិស័យអប់រំដែលជាវិស័យ អទិភាពចម្បងសម្រាប់ សង្គមជាតិ នាពេលនោះលោកក៏បានស្នើដល់លោកលោកស្រីដែលបានទទួលតំណែងថ្មី ត្រូវសហការបន្តយុទ្ធសាស្ត្រ អប់រំតាមគោលនយោបាយរសប់រដ្ឋនិងផ្សព្វផ្សាយច្បាប់បទដ្ឋានឲ្យបានទូលាយ ខិតខំអប់រំសិស្សានុសិស្ស និងគ្រូៗ ត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុង អនុវត្តន៍តាមផែនការរបស់ក្រសួងអប់រំ ហើយទប់ស្កាត់មិនឲ្យកើតមាននូវអំពើអសកម្មទាំងឡាយ មិនឲ្យមាននៅតាមសាលា សហការជាមួយអាជ្ញា ធរមូលដ្ឋានទប់ស្កាត់លើក្មេងទំនើង គេចវេសសាលាប្រើប្រាស់គ្រឿងញៀន រាយការណ៍ព៍ត៌មានទៅអាណាព្យបាលសិស្សឲ្យបានទាន់ពេល ចំពោះការប្រព្រឹត្តកំហុសឆ្គងនានារបស់សិស្សានុសិស្ស ដើម្បីចូលរួមលើកកំពស់វិស័យអប់រំនៅកម្ពុជាស្របតាមយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋាភិបាល៕