កំពង់ធំ ៖` លោក ប្រាក់ មិន មេឃុំសុចិត្រ ធ្លាយរឿងអាស្រូវទៀតហើយ ដោយគណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទ ចំណុះជើងវត្តរុក្ខារាម ហៅវត្តពោធិរោង ស្ថិតនៅភូមិប្ររោង ឃុំសុចិត្រ ស្រុក សណ្ដាន់ បានចោទប្រកាន់ថា បានបំបែកបំបាក់ផ្ទៃក្នុងវត្ត ដោយយកព្រះសង្ឃខ្ចីវស្សា១អង្គ ជាបក្ខ ពួកខ្លួន មកដំឡើងសមស័ក្ដិ ជាព្រះចៅអធិការវត្ត ហើយទម្លាក់ព្រះចៅអធិការចាស់វស្សា តាំងពី ឆ្នាំ ១៩៧៩មក។
ទង្វើរបស់លោកមេឃុំនេះ បានធ្វើឡើង ដោយបក្ខពួកខ្លួន៥-៦នាក់ ផ្ទុយពីឆន្ទៈពុទ្ធបរិស័ទ និងគណៈកម្មការអាចារ្យ ចំណុះជើងវត្តរុក្ខារាម ហៅវត្តពោធិរោង ដែលផ្ដើមឲ្យមានអធិក រក្នុងវត្តនេះ ឡើង រហូតមកដល់សព្វថ្ងៃ។
លោក ជុំ ចន្ថា អាយុ៦១ឆ្នាំ ជាក្រុមប្រឹក្សាឃុំសុចិត្រ បានប្រាប់អ្នកសារព័ត៌មានថា ដោយគណៈកម្មការវត្ត បានបាត់បង់ជីវិតអស់ លោកក៏បានចូលខ្លួនមកជួយវត្ត ក្នុងនាមគណៈកម្មការ រង់ ចាំគណៈកម្មការ ស្របច្បាប់កើតឡើង។
លោក ជុំ ចន្ថា បានបន្តថា នៅរដូវភ្ជុំបិណ្ឌក្នុងឆ្នាំ២០១៤ កន្លងមកនេះ លោកបានចូលរួម ទទួលបច្ច័យបិណ្ឌជាមួយព្រះសង្ឃ១អង្គដែលទើបនឹងសាងព្រះផ្នួស ហើយមកនៅវត្តពោធិរោងនេះ តាមការគាំទ្រពី លោក មេឃុំ។
លោក ជុំ ចន្ថា បានបន្តឲ្យដឹងទៀតថា ក្រោយពីទទួលបច្ច័យបិណ្ឌបាន៣ថ្ងៃមក លោកក៏បាន ដកខ្លួនចេញ ដោយពិនិត្យឃើញសកម្មភាពមិនប្រក្រតី ខុសច្បាប់វិន័យ របស់ព្រះសង្ឃអង្គ នោះ ក្រោយមកព្រះសង្ឃអង្គនេះ និងលោកមេឃុំ បានបង្កទំនាស់នៅក្នុងវត្ត ហើយបានសុំទម្លាក់ ព្រះចៅអធិការចោល ដោយលើកព្រះសង្ឃថ្មី ខ្ចីវស្សានោះ ជំនួស ប៉ុន្តែត្រូវបានពុទ្ធបរិស័ទ គណៈកម្មការ និងអាចារ្យជំទាស់ ដោយនៅតែបន្តគាំទ្រ ព្រះចៅអធិការចាស់ ព្រះនាមធាម ពៅ ព្រះជន្ម៨៨ វស្សា ដដែល ព្រោះព្រះចៅអធិការអង្គនេះ មិនមានកំហុសអ្វីនោះទេ ផ្ទុយទៅវិញពុទ្ធបរិស័ទ បាន និមន្តព្រះអង្គពីព្រះចៅអធិការវត្តទឹកម៉ីលៀង នៅទីរួមស្រុកសណ្ដាន់ មកគង់នៅវត្តនេះ តាំងពីឆ្នាំ ១៩៩៥ រហូតមកទល់បច្ចុប្បន្នគឺមិនដែលមានបញ្ហាអ្វីនោះទេ កាលណោះគាត់ (ជុំ ចន្ថា ) នៅទាហាន នៅឡើយទេ នៅទីតាំងវត្តនេះគឺសុទ្ធខ្សែត្រៀម។
លោកតាអាចារ្យ វ៉ែន ឈឿង អាយុ៦៥ឆ្នាំ បានប្រាប់អ្នកយកព័ត៌មាន ថា ដោយយក ព្រះសង្ឃទើបនឹងបួសបាន៦-៧ខែ មកដំឡើងជាព្រះអធិការ ហើយទម្លាក់ព្រះចៅអធិការចាស់ ចោលគឺពុទ្ធបរិស័ទមិនយល់ព្រមទេ ព្រោះព្រះចៅអធិការគ្មានកំហុស និងដឹកនាំតាំងតែពីបាតដៃ ទទេរហូតដល់មានប៉ុណ្ណេះ ម្យ៉ាងទៀតគឺព្រះសង្ឃខ្ចីវស្សា ដែលមានការគាំទ្រពីលោកមេឃុំ ប្រាក់ មិន នោះ គឺគ្រាន់តែបួសសន្សំទ្រព្យតែប៉ុណ្ណោះ ដោយដឹងថា មិនបានតំណែងជាព្រះចៅអធិការ ក៏ដឹក ដែន ដឹកស៊ីម៉ងចេញពីវត្តទៅវិញទាំងអស់ ចំណែកលោកមេឃុំ មិន ចូលវត្តទោះជាករណីបុណ្យទាន ប្រពៃណី ឬបុណ្យជាតិឡើយ ហើយប៉ុន្មានថ្ងៃមុននេះ គឺមានបុណ្យឆ្លងសមិទ្ធផលក្នុងវត្ត ដោយ មាន ឯកឧត្ដមអភិបាលរង ខេត្តអញ្ជើញមក ក៏លោកមេឃុំមិនចូលមកជួយរៀបចំដែរ ហើយជំទាស់មិន ឲ្យមានដំណើរការរៀបចំ គណៈកម្មការ វត្តកើតឡើងទៀតផង។
ពុទ្ធបរិស័ទ និងគណៈកម្មការអាចារ្យ ក៏ដូចជាប្រជាពលរដ្ឋ ឃុំសុចិត្រភាគច្រើន សុទ្ធតែបាន និយាយថា ការដឹកនាំ របស់លោកប្រាក់ មិន នេះ គឺប្រជាពលរដ្ឋមិនអាចទទួលយកបាននោះទេ គឺ សូមឯកឧត្ដមអភិបាលខេត្ត មេត្តាពិនិត្យមើលសកម្មភាពលោកមេឃុំ សុចិត្រផង ដូចជាករណី បទ ល្មើសព្រៃឈើអីចឹង គឺប្ដឹងឲ្យមេព្រៃចាប់គេ ប៉ុន្តែកូនខ្លួនឯងនិងបក្ខពួករកពេញទំហឹង។
ចំណែកព្រះចៅអធិការវត្ត ធាម ពៅ ព្រះជន្ម៨៨វស្សា បានមានសង្ឃដីការថា លោកបាន បួសនៅឆ្នាំ១៩៧៩ គឺព្រះសម្ដេចសង្ឃទេពវង្ស ជាអ្នកបំបួសឲ្យ ហើយធ្វើជាព្រះចៅអធិការ រហូត មកទល់សព្វថ្ងៃ គឺពុទ្ធបរិស័ទនេះ នៅឆ្នាំ១៩៩៥ ហើយនៅទីនេះមានតែព្រៃ និងទីតាំងប្រយុទ្ធ កាល ណោះនៅមានសង្គ្រាមនៅឡើយ ចំពោះតំណែងព្រះចៅ គឺលោកស្រេចតែពុទ្ធបរិស័ទ និងខាង ធម្មការទេ។
ទាក់ទិននឹងព័ត៌មាននេះ លោកប្រាក់មិន មិនបានបំភ្លឺដូចម្ដេចនោះទេ គ្រាន់ទទួលទូរស័ព្ទ ហើយដឹងថា អ្នកសារព័ត៌មាននោះគឺបិទទូរស័ព្ទគ្រឹប ហៅលែងចូលតែម្ដង៕