ភ្នំពេញ៖ នៅវេលាម៉ោង០៨និង០០នាទីព្រឹកថ្ងៃទី២៤ខែមិនាឆ្នាំ ២០១៦នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យកិច្ចប្រត្តិបត្តិការខែមិនានិងលើកទិសដៅការងារសំរាប់ ខែមេសា ឆ្នាំ២០១៦ ក្រោមអធិបតី លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក។
ពិធីនេះ មានការចូលរួមលោកអធិការនគរបាលខណ្ឌទួលគោក ដោយមានការចូលរួមរបស់លោកអធិការរង នាយផ្នែក នាយរងផ្នែក១រូប នាយប៉ុស្តិ៍ និង នាយរងប៉ុស្តិ៍១រូប។
ខ្លឹមសារនៃកិច្ចប្រជុំគឺផ្តោតសំខាន់ទៅលើការងារបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋាន និងបន្តជំរុញការអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព និងការត្រៀមការពារបុណ្យចូលឆ្នាំ ខ្មែរ ការពង្រឹងការអនុវត្តច្បាប់ចរាចរ ណ៍ទប់ស្កាត់ឡានធំចូលក្រុង និងការពង្រឹង ព្រមទាំងការធ្វើអត្តសញ្ញាណប័ណ្ណ ។
ក្នុងនោះដែរលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានជម្រុញឲ្យសមត្ថកិច្ចចូលរួមលើកការងារសន្តិសុខសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរពិសេសនៅក្នុងពេលពិធីបុណ្យចូលឆ្នាំខាងមុខនេះ ដើម្បីបង្កាទប់ស្កាត់បទល្មើសមិនឲ្យកើតមាន សាលាខណ្ឌនឹងរៀបចំឲ្យមានគណៈក្រុមការងារចូលរួមជាមួយនគរបាលមានក្រុមប្រឹក្សា សង្កាត់ មេភូមិ ប្រជាការពារ នៅតាមគោលដៅដែលបានកំណត់។ លោកអភិបាលខណ្ឌ បានផ្តល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្ដចំនួន១លានរៀលដល់កំលាំង នគរបាលប៉ុស្តិ៍ ផ្សារដេប៉ូ៣ដែលមានស្នាដៃក្នុងការបង្ក្រាបគ្រឿងញៀន
នាឱកាសនោះលោក អធិការនគរបាលខណ្ឌក៏បានផ្តល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តចំនួន១លានរៀលដល់កំលាំងផ្នែកព្រហ្មទណ្ឌនិងផ្នែកអន្តរាគមន៏ខណ្ឌផងដែរ៕
ដោយ៖សីហា