បន្ទាយមានជ័យ ៖ ក្នុងឱកាសមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាការបំពេញបេសកកម្មលើទឹកដី ខេត្តបន្ទាយមានជ័យ ដែលជាខេត្តធ្លាប់រស់នៅ លោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំអំណោយចែកជូនគ្រួសារពលរដ្ឋជនចាស់ជរាគ្មានទីពឹង ៣គ្រួសារ ក្នុងក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ការចុះសំណេះសំណាល និងនាំអំណោយសួរសុខទុក្ខនេះធ្វើឡើងកាលពី ព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៦ ដោយមានការចូលរួមពីសំណាក់ លោកឧកញ៉ា អ៊ឹម ភាន់សុផល និងអស់លោកជាមេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង បានឲ្យដឹងថា គ្រួសារចាស់ជរាជួបការលំបាកគ្មានទីពឹង ដែលលោកបាននាំអំណោយចែកជូន គឺ គ្រួសារលោកតា អ៊ីម ផ្លែក អាយុ៨៧ឆ្នាំ ពិការភ្នែកទាំងពីរប្រពន្ធស្លាប់ចោលរស់នៅជាមួយកូនស្រីពិការភ្នែក ដូចគ្នា ក្នុងភូមិអង្គាបុស្ស ក្រុងសិរីសោភ័ណ ។
លោកយាយ ហុក តោត អាយុ៧៩ឆ្នាំ និង លោកតា គង់ រស់ អាយុ ៨៧ឆ្នាំ ទីទ័លក្រគ្មានទីពឹង គ្រួសារលោកយាយលោកតាទាំង២នាក់ នៅក្នុងភូមិហ្លួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ។
លោក បន្តថា អំណោយដែលត្រូវចែកជូន រួមមាន អង្ករ២ការ៉ុង ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ប្រេងសណ្តែក១ដប ត្រីខ២យួរ ទឹកផ្លែឈើចម្រុះ២កេះ និងថវិកា១លាន១សែនរៀល ។ ក្រៅពីការនាំអំណោយចុះសួរសុខទុក្ខនេះដែល លោក ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង បានទទួលរ៉ាប់រងចិញ្ចឹមពួកគាត់អស់មួយជីវិត ដោយឧបត្ថម្ភប្រចាំខែក្នុងមួយគ្រួសារ ទទួលបានថវិកា២០ម៉ឺនរៀល និងអង្ករមួយការ៉ុង ដែលការឧបត្ថម្ភនេះមានរយៈពេល៥ឆ្នាំហើយ។
លោក បានបន្តអោយដឹងទៀតថា កាលពីលោកនៅជាមេបញ្ជា កងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យ លោកតែចុះជួបសំណោះសំណាលជាមួយពលរដ្ឋនិងតែឧបត្ថម្ភដល់ចាស់ជរា ដូចជាក់ស្តែងចាស់ជរាទាំងបីខាងលើលោកបានជួយចិញ្ចឹមគាត់ជា ប្រចាំខែច្រើនឆ្នាំមកហើយលុះរហូតដល់រូបលោកផ្លាស់ទៅ រាជធានីភ្នំពេញ ពុំដែលបានជួបផ្ទាល់ជាមួយពួកគាត់គ្រាន់តែបានឧបត្ថម្ភជាប្រចាំទើប ពេលនេះ ឆ្លៀតទៅសួរសុខទុក្ខពួកគាត់ទាំងអស់គ្នា ៕