កំពង់ចាម ៖ ដោយសារ មានការយកចិត្តទុកដាក់ និង ការគិតគូរ ដល់ប្រ ជាពលរដ្ឋដើម្បី បានដឹង បានយល់នូវ តម្រូវការចាំបាច់ក៏ដូចជាការងារ ប្រឈមនានា ក្នុងមូលដ្ឋាន ភូមិ ឃុំ នោះ ទើប នៅ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ លោក ឈាវ ស៊ីណូ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំល្វេ បាន ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរ ដល់ផ្ទះប្រជាពលរដ្ឋ នៅក្នុងភូមិទាំង១០ស្ថិតនៅក្នុង ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាមដោយមានវត្តមានចូលរួម ពី មន្ត្រី នគរបាលប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ។
ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋ នាឱកាសនោះដែរ លោក ឈាវ ស៊ីណូ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំល្វ បានមានមតិ សំណេះសំណាល ទៅកាន់បងប្អូន ប្រកបដោយ ភាពរីករាយនិង ទឹកមុខញញឹម កក់ក្ដៅ និង ស្និទ្ធស្នាលជាទីបំផុត ។
ក្រៅពីការសំណេះសំណាល លោក នាយប៉ុស្តិ៍ និងក្រុមការងារ ក៏បានធ្វើការចែកនូវ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ គំរូថ្មី នៅតាមខ្នងផ្ទះ ជូនប្រជាពលរដ្ឋ នៅក្នុង ឃុំល្វេ ហើយ លោក ក៏បានណែនាំនៅពេលដែលទទួលបាន អត្តសញ្ញាណត្រូវ ពិនិត្យ លើទិន្នន័យ ឲ្យបានត្រឹមត្រូវ ករណីមានខុសអក្ខារាវិរុទ្ធ ស្នើទៅប៉ុស្ដិ៍នគរបាលដើម្បី ផ្ញើទៅកាន់អធិការស្រុក ផ្នែកជំនាញធ្វើការកែតម្រូវ ហើយត្រូវរក្សាទុកឲ្យបានគង់វង្ស ដើម្បីប្រើប្រាស់ ព្រោះវាជាឯកសារសំគាល់ គតិយុត្តិ មានសុពលភាពរយៈពេល១០ឆ្នាំ បើមានការបាត់បង់ដោយប្រការណាមួយ ត្រូវដាក់ពាក្យបណ្ដឹងទៅកាន់ប៉ុស្តិ៍ ឬអាជ្ញាធរ នៅកន្លែងដែលយើងបាត់ ដើម្បីចៀសវាង មានការប្រព្រឹត្ត ល្មើស នានាវាជាប់ពាក់ព័ន្ធ ហើយសាម៉ីជន មិនបានដឹង ហើយ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលពុំបានធ្វើអត្តសញ្ញាណប័ណ្ណត្រូវរួសរាន់មកធ្វើនៅប៉ុស្តិ៍នគរបាលរៀងរាល់ម៉ោងធ្វើការ។
លើសពីនេះទៅទៀត៖លោកនាយប៉ុស្តិ៍ ក៏បានសំណូមពរ ដល់បងប្អូន មេត្តាចូលរួម លើការងារភូមិ ឃុំមានសុវត្ថិភាព ការគោរពច្បាប់ចរាចរណ៍ ប្រសិនបើមានបញ្ហាអ្វីកើតឡើងត្រូវ ទំនាក់ទំនងសហការជាមួយអាជ្ញាធរ ដើម្បីមានវិធានការ ជួយអន្តរាគមន៍ ដោះស្រាយទាន់ពេល វេលា។
នាឱកាសនោះដែរដើម្បី ឆ្លើយតបទៅកាន់ក្រុមការងារ របស់ប៉ុស្តិ៍នគរបាល ប្រជាពលរដ្ឋ មានការត្រេកអរ និង រីករាយ យ៉ាងក្រៃលែងចំពោះថ្នាក់ដឹកនាំ មូលដ្ឋាន ដែលតែងតែគិតគូរ សុខទុក្ខ ហើយជាក់ស្ដែងដូច ជាការ យកអត្តសញ្ញាណប័ណ្ណ មកប្រគល់ជូនពួកគាត់ ដល់ផ្ទះនាពេលនេះ និង សូមជូនពរ ដល់លោក នាយប៉ុស្តិ៍និង ក្រុមការងារ ជួបតែសំណាងល្អ និងទទួលជោគជ័យ គ្រប់ភារកិច្ច ដែល រាជរដ្ឋាភិបាលប្រគល់ជូន៕
អត្ថបទដោយ៖chhorn seiha