កំពង់ចាម ៖ នៅព្រឹក ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៦ មានរៀប ចំ ពិធីប្រជុំផ្សព្វផ្សាយ គោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព និងការចែកជូននូវអត្តសញ្ញាណប័ណ្ណ គំរូថ្មី ជូនដល់ប្រជាពលរដ្ឋ នៅភូមិទំពូង ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
ពិធី ផ្សព្វផ្សាយនេះមានវត្តមានចូលរួមពី លោក លោកស្រីជាសមាជិក ក្រុមប្រឹក្សាឃុំ លោកឈាវ ស៊ីណូ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ មន្ត្រីប៉ុស្តិ៍ នគរបាល មេភូមិ មេភូមិរង សមាជិកភូមិ លោកយាយ លោកតា និង ប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ ស្ថិត ក្រោមអធិបតីភាព លោកសាយ ស្រ៊ាង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ឃុំ និងជាមេឃុំ ល្វេ។
បន្ទាប់ពី លោកឈាវ ស៊ីណូ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល បានធ្វើបទបង្ហាញជូន និងរបាយការណ៍ ស្ដីពីកិច្ចសហប្រតិបត្តិការ របស់ សមត្ថកិច្ច និង អាជ្ញាធរ ដែលបានអនុវត្តន៍នាពេលកន្លងមក ហើយលោកក៏បានជម្រាបជូននូវគោលនយោបាយ ភូមិ ឃុំមាន សុវត្ថិភាព ៩ចំនុច ដល់ប្រជាពលរដ្ឋដែលបានចូលរួមឲ្យបានយល់ដឹងនិងជ្រាបរួចមក។
នាឱកាសនោះលោកសាយ ស្រ៊ាង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ឃុំ និងជាមេឃុំ ល្វេ បានធ្វើការសំណេះសំណាលទៅកាន់បងប្អូន អ្នក ចូលរួមប្រកបដោយភាពកក់ក្ដៅ និងស្និទ្ធស្នាល បំផុត លើសពីការសំណេះសំណាល លោកមេឃុំក៏បានសំណូមពរដល់ប្រជាពលរដ្ឋ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ និង ចូលរួម សហការ លើការអនុវត្តន៍ គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ឲ្យមានប្រសិទ្ធ ភាព មិនប្រព្រឹត្ត ល្បែងស៊ីសងគ្រប់ប្រភេទ មិនប្រើប្រាស់គ្រឿងញៀនខុសច្បាប់ មិនប្រើប្រាស់ឧបករណ៍ នេសាទ ឆក់ត្រី ដែលច្បាប់ហាមឃាត់ ក្នុងករណីនៅតែល្មើស មិនព្រមបញ្ឈប់ សមត្ថកិច្ចនិងអាជ្ញាធរ នឹងបន្ត ការបង្ក្រាប ស្រាវជ្រាវ ស្វែងរក យកជនដែលប្រព្រឹត្តនោះមកដាក់ទោសឲ្យខានតែបាន លោកក៏បានបន្តផងដែរថា៖ សូមបងប្អូនចូលរួមសហការផ្ដល់ព័ត៌មាន ពាក់ព័ន្ធ សភាព ការ កើតឡើង ឬ ការងារផ្សេងៗ តាមរយៈលេខទូរសព្ទ សាលាឃុំ ប៉ុស្តិ៍នគរបាល ឬតាមរយៈលោកមេភូមិ ដើម្បី ថ្នាក់ឃុំមានវិធានការទប់ស្កាត់បានទាន់ពេលវេលា។
បន្ទាប់មក លោក មេឃុំ និង ក្រុមការងារក៏បានចែកនូវអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋដែលបានធ្វើរួច នាពេលកន្លងមក នៅក្នុងឱកាសនោះផងដែរ៕