ព្រៃវែង ៖ នាព្រឹកថ្ងៃទី ២៩ មីនា ឆ្នាំ ២០១៦ ក្រុមប្រឹក្សាស្រុកស៊ីធរកណ្ដាល បានរៀបចំកិច្ចប្រជុំលើកទី២៣ អាណត្តិទី២ក្រោមអធិបតីភាព លោក ស៊ាង ប៊ុន្ថា ប្រធានក្រុមប្រឹក្សា ស្រុកស៊ីធរកណ្ដាល។
កិច្ចប្រជុំ សមាសភាពចូលរួមសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងទាំង៣ ប្រធាន អនុប្រធានការិយាល័យ ក្រុមប្រឹក្សាឃុំ ទីប្រឹក្សាស្រុក នាយករដ្ឋបាល និងការិយាល័យ អង្គភាពចំណុះសាលាស្រុក សរុបអ្នកចូលរួម ៥០ រូប ស្រី ១០រូប។
កិច្ចប្រជុំ ដំណើរការដោយរលូនតាម របៀបវារៈ មានដូច ជា៖- ឆ្លង និង អនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សា ស្រុកអាណត្តិទី២ -ពិនិត្យ និង អនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែ មីនា ឆ្នាំ២០១៦ របស់រដ្ឋបាលនិងបញ្ហា បញ្ហាផ្សេងៗផងដែរ។
បន្ទាប់ពី ស្ដាប់ របាយការណ៍របស់ រដ្ឋបាលសាលាស្រុកបានលើកឡើងអំពីសកម្មភាពរយៈពេល១ខែ និង បញ្ហាប្រឈម តម្រូវការរបស់ មូលដ្ឋានរួចមក នាឱកាសនោះ លោក ស៊ាង ប៊ុ ន្ថា ប្រធានក្រុមប្រឹក្សាស្រុក បានមានមតិបញ្ជាក់និងសំណេះសំណាលទៅកាន់សមាជិក សមាជិកាដែលបានចូលរួមប្រកបដោយភាពកក់ក្ដៅ ព្រមទាំងបានស្នើដល់ថ្នាក់ស្រុក ឃុំ ភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវបន្តការយកចិត្តទុកដាក់លើការអនុវត្តន៍ គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ការដោះស្រាយសំណូមពរ បម្រើសេវាសាធារណៈលើលិខិតស្នាម ឯកសាររដ្ឋបាលនានាមានអត្រានុកូលដ្ឋាន សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋឲ្យបានល្ងប្រសើរ តាមកម្រៃសេវារបស់ថ្នាក់ក្រោមជាតិ បើមានសកម្មភាពមិនប្រក្រតី ភាពអសកម្មលើចំណុចណាមួយជាមួយប្រជាពលរដ្ឋត្រូវរួសរាន់កែតម្រូវ ធ្វើជាមន្ត្រីដឹងសុខទុក្ខពលរដ្ឋ ដើម្បីឲ្យស្របតាមនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យបានក្លាយជាប្រព័ន្ធរដ្ឋបាលស៊ីជម្រៅ និងចូលរួមការកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន។
បន្ទាប់មក លោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុក ក៏បានជម្រុញឲ្យមន្ត្រីសាលាស្រុក និងថ្នាក់ឃុំ ត្រូវបន្ត កិច្ចសហការផ្សព្វផ្សាយច្បាប់កម្រៃសេវាឲ្យបានទូលាយនិងអនុវត្តន៍ឲ្យ បានត្រឹមត្រូវតាមច្បាប់ជៀសវាងការប្រព្រឹត្តល្មើស លោកអភិបាលស្រុក ក៏បានបន្តស្នើដល់សមត្ថកិច្ចនិងឃុំ ត្រូវ យកចិត្តទុកដាក់លើការងារសន្តិសុខសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរនិង មានផែនការសកម្មភាពចុះពិនិត្យតាមដានការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ និងដោះស្រាយរាល់បញ្ហាប្រឈមឲ្យបានទាន់ពេលវេលាដើម្បីសុវត្ថិភាពនៅ មូលដ្ឋាន៕