លោក អ៊ុក ប៊ុនធឿន មេភូមិ ស្មែ​ត ស្រុក​វាលវែង លួច​ដីព្រៃ​សហគមន៍​លក់​ឲ្យ​ឈ្មួញ​

31-March-2016 | ដោយ មែន កំសត់


ពោធិ៍សាត់​៖ ​នគរបាល​ស្រុក​វាលវែង​កាលពី​ម្សិលមិញ​បាន​កសាង​សំណុំរឿង​ចោទប្រកាន់​មេភូមិ ម្នាក់​ពីបទ​លួច​លក់​ដីព្រៃ​បម្រុង​ទុក​របស់​រដ្ឋ​ដោយ​ខុសច្បាប់​ដើម្បី ដាក់​ប្ដឹងទៅ​តុលាការខេត្ត​ពោធិ៍សាត់​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​
​ការចោទប្រកាន់​នេះ​បានធ្វើ​ឡើង​បន្ទាប់ពី​សមត្ថកិច្ច​ចុះ ប្រតិបត្តិ​ការបង្ក្រាប​ប​ទ​ល្មើស​នៅតាម​ដងព្រៃ​ហើយ​បាន​ឃាត់ខ្លួន​បុរស​បី នាក់​ដែល​កំពុង​កាប់​ទន្ទ្រាន​ដីព្រៃ​ដោយ​ខុសច្បាប់​នៅ​ចំណុច​ភូមិ​ស្មែ​ត [​ជា​ភូមិ​ទើប​បង្កើត​ថ្មី​ស្ថិតក្នុង​ឧបសម្ព័ន្ធ​ភូមិ​សំឡាញ​] ឃុំ​ក្រពើ​ពីរ ស្រុក​វាលវែង​កាលពី​រសៀល​ថ្ងៃ​ចន្ទ​។​

​លោក ធាង ឡេង អធិការ​ស្រុក​វាលវែង បាន​ប្រាប់ នៅ​ព្រឹក​ថ្ងៃ​ម្សិលមិញ ថា​ក្រោយពី​បាន​ឃាត់ខ្លួន​ពលរដ្ឋ ៣ នាក់​ដែល​កំពុង​កាប់​ទន្ទ្រាន​ដីព្រៃ​ក្នុង​តំបន់​នោះមក​សួរ​ពួកគេ​បាន ឆ្លើយថា «​ដី​នោះ​ពួកគេ​បាន​ទិញ​ក្នុងតម្លៃ​ចន្លោះ​ពី ២០០ ដុល្លា​ទៅ ៥០០ ដុល្លារក្នុង​មួយ​ហិកតា​ពី​ឈ្មោះ អ៊ុក ប៊ុនធឿន ដែលជា​មេភូមិ​ស្មែ​ត​។ គាត់​ថា​មេភូមិ​ថា​ដី​នេះ​ជា​ដី​របស់គាត់​ទើប​ពួកយើង​ហ៊ាន​ទិញ​»​។​
​បើតាម​សម្ដី​លោក ឡេង ជនសង្ស័យ​ទាំង ៣ នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​ខាងលើ​នោះ​រួមមាន​ឈ្មោះ គឹម ប្រុស អាយុ ២៦ ឆ្នាំ​, សល់ សា​រួន អាយុ ២០ ឆ្នាំ និង​ឈ្មោះ ទីវ ប៊ុនហេង អាយុ ៤៥ ឆ្នាំ​។ អ្នក​ទាំងបី​រស់នៅ​ភូមិ​សេក​សក ឃុំ​ផ្លូវ​មាស ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង​។ ក្នុងការ​ឃាត់ខ្លួន​នេះ​សមត្ថកិច្ច​ក៏បាន​រឹបអូស​រណារយន្ត ៣ គ្រឿង វិទ្យុទាក់ទង​មួយគ្រឿង និង​កាំភ្លើង​ខ្យល់​មួយ​ដើម​ផងដែរ​។ ផ្ទៃដី​ដែល​ពួកគេ​បាន​កាប់ឆ្ការ​រួច​មាន​ទំហំ​ជាង​ពីរ​ហិកតា​។​

​លោក​បាន​បញ្ជាក់ថា​៖ «​តាម​ចម្លើយសារភាព​របស់​ពួកគេ​សមត្ថកិច្ច​យើង​ក៏បាន​កសាង​សំណុំរឿង​ចោទ ប្រកាន់​មេភូមិ​ឈ្មោះ អ៊ុក ប៊ុនធឿន ពីបទ​ឆបោក និង​ជា​មេគំនិត​នាំ​ឲ្យ​មាន​ការកាប់​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​រដ្ឋ​ដោយ ខុសច្បាប់ និង​បាន​បញ្ជូនទៅ​តុលាការខេត្ត​ពោធិ៍សាត់​ដើម្បី​ចាត់ការ​តាម​នីតិវិធី ច្បាប់​។ ចំណែក​ជនសង្ស័យ​ទាំងបី​ខាងលើ​ត្រូវបាន​ដោះលែង​វិញ​ក្រោយពី​ធ្វើការ អប់រំ និង​ធ្វើ​កិច្ចសន្យា​ប្រគល់​ដី​នោះ​ជូន​រដ្ឋ​វិញ​»​។​​កាលពី​ម្សិលមិញ លោក អ៊ុក ប៊ុនធឿន មេភូមិ ស្មែ​ត មិនអាច​ទាក់ទង​សុំ​ការអធិប្បាយ​បានទេ​៕

ចំនួនអ្នកទស្សនា

    20223087

  • ថ្ងៃនេះ5141
  • ម្សិលមិញ7271
  • សប្តាហ៍នេះ24611
  • ខែនេះ12421
  • ឆ្នាំនេះ995641
  • សរុប20223087