ស្វាយរៀង៖ អភិបាលខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល បានបង្ហាញការប្តេជ្ញាចិត្ត លើការដោះស្រាយទុក្ខលំបាក របស់ប្រជាពលរដ្ឋនៅទូទាំងខេត្ត ព្រមទាំងការបន្តការអភិវឌ្ឍន៍ នៅក្នុងខេត្ត ក្រោយពេលដែលរូបឯកឧត្តម ត្រូវបានប្រកាសតែងតាំងជាអភិបាលថ្មី។
ការប្តេជ្ញារបស់អភិបាលខេត្តស្វាយរៀងខាងលើនេះ បានធ្វើឡើងនៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ មានរៀបចំពិធីសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់សង្គមប្រចាំឆ្នាំ២០១៥ របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០១៦ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងមានការចូលរួមពីលោកឧត្តមសេនីយ កឹង ឃន ស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តការសឹករងខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូង តំណាងសាលាដំបូងខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ លោក លោកស្រី ស្នងការរង លោក ប្រធាន អនុប្រធានសេនាធិការដ្ឋាន លោកនាយរង ការិយាល័យកណ្តាល លោក លោកស្រី នាយ នាយរងការិយាល័យ លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនទាំង២ អធិការ អធិការរងនគរបាលក្រុង ស្រុក នាយផ្នែក នាយប៉ុស្តិ៍នគរបាលការពារព្រំដែន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨០ប៉ុស្តិ៍ សរុបវត្តមានចំនួន៣០១នាក់។
ឯកឧត្តម បានកោតសសើរដល់កងកម្លាំងនគរបាលទូទាំងខេត្ត ដែលបានខិតខំថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ កន្លងមក និងបន្តរក្សាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរថែមទៀត។
ឯកឧត្តមក៏បានប្តេជ្ញាចិត្ត ដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងបន្តកសាងអភិវឌ្ឍន៍ ខេត្តស្វាយរៀងឲ្យបានកាន់តែរីកចំរើន ឆាប់រហ័ស ដើម្បីតបស្នងដល់ប្រមុខរាជរដ្ឋភិបាល ដែលទើបតែបានតែងតាំងលោកជាអភិបាលខេត្តថ្មី ជំនួសលោកអភិបាលខេត្តចាស់ដែលត្រូវ ឡើងកាន់ដំណែងទៅបំរើការងារថ្មី។ ក្នុងឱកាសនោះឯកឧត្តម ម៉ែន វិបុល ក៏បានឧបត្ថម្ភដល់អង្គសន្និបាត របស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ២លានរៀលផងដែរ ។
គួរបញ្ជាក់ផងដែរថា ពិធីបិទសន្និបាត របស់ស្នងការដ្ឋាននគរបាលខេត្តនឹងប្រពិត្តទៅ នៅពេលរសៀលថ្ងៃដដែល ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរង នគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ៕