ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ សាលាខណ្ឌព្រែកព្នៅ បានរៀបចំវេទិកាសាធារណៈស្តីពីការតាមដានយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ក្នុងមូលដ្ឋានសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាព ឯកឧត្តម រស់ សុផាន់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌព្រែកព្នៅ និងជារដ្ឋលេខាធិការក្រសួងមុខងារសារធារណៈ ។
វេទិកានេះមានការចូលរួមពី លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ សមាជិកក្រុមប្រឹក្សាខណ្ឌ លោកនាយក-នាយករង ការិយាល័យ ចំណុះជំនាញជុំវិញខណ្ឌ មន្ត្រីសាលាខណ្ឌ ចៅសង្កាត់ទាំង៤ សង្កាត់ពន្សាំង-លោកនាយប៉ុស្តិ៍ និងប្រជាពលរដ្ឋ ចូលរួមសរុបចំនួន ៣៣៣ នាក់ផងដែរ ។
បន្ទាប់ពី លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅបានឡើងបង្ហាញជូននូវរបាយការណ៍ ស្ដីពីការងាររដ្ឋបាលសាលាខណ្ឌ ការងារ សន្តិសុខសណ្ដាប់ធ្នាប់ ការដោះស្រាយតម្រូវការនិងការប្រឈមផ្សេងៗដែលមាននៅក្នុង សង្កាត់និងខណ្ឌនាពេលកន្លងមក នាឱកាសនោះឯកឧត្តម រស់ សុផាន់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌព្រែកព្នៅ និងជារដ្ឋលេខាធិការក្រសួងមុខងារសារធារណៈបានលើកឡើងដែរថា៖វេទិកាសាធារណៈស្តីពីការតាមដានយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលដែលមាន ក្រសួងមហាផ្ទៃជាសេនាធិការបានរៀបចំកម្មវិធីដល់គ្រប់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធ្វើការចុះប្រជុំដើម្បីប្រមូលបញ្ហាការកង្វល់របស់ពលរដ្ឋ លើសកម្មភាពរបស់អាជ្ញាធរ ភាពអសកម្មភាពរបស់មន្ត្រី ការព្រព្រឹត្ត របស់មន្ត្រីក្នុងការអនុវត្តន៍ការងារ ហើយត្រុវចូលរួមពីបណ្ដាសមាសភាពពាក់ព័ន្ធ មូលដ្ឋាននិងមន្ត្រីផ្សេងៗដើម្បីចូលរួមជាវាគ្មិនបំភ្លឺជូនប្រជាពលរដ្ឋ ករណីក្រុមការងារដោះស្រាយមិនបានត្រូវធ្វើរបាយការណ៍សរុបជូនថ្នាក់លើថ្នាក់ជាតិបន្តដោះស្រាយ ហើយឯកឧត្តមស្នើដល់បងប្អូនត្រូវហ៊ាននិយាយការពិត នូវ តម្រូវការតែឲ្យចំ ប្រធានបទ មិនប្រាសចាកសីលធម៌ឡើយ សំដៅកែលំអចំពោះភាពអសកម្មទាំងឡាយនិងរួមគ្នាដោះស្រាយនាពេលខាងមុខ។
បន្ទាប់មកក្រុមការងារ ក៏បានដាក់និងទុកពេលសម្រាប់ឲ្យប្រជាពលរដ្ឋចោទសួរនិងដោះស្រាយម្ដង១សំណួរដូចជា៖ ការងារសេវាសាធារណៈ របស់ក្រុមប្រឹក្សាសង្កាត់ ការងារសៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សន្តិសុខសណ្ដាប់ធ្នាប់ បទល្មើសផ្សេងៗ មូលនិធិសង្កាត់ ការប្រើប្រាស់ ប្រកបដោយតម្លាភាព ។ល។
ក្រុមការងារក៏បានធ្វើការដោះស្រាយហើយប្រជាពលរដ្ឋនិងអ្នកដែលពាក់ព័ន្ធអាចទទួលយកបាន ឯកឧត្តមគណៈអធិបតីក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនប្រជាពលរដ្ឋដែលចំណាយពេលចូលរួម វេទិកានេះប្រកបដោយការយកចិត្តទុកដាក់ខ្ពស់៕