អ្នកឧកញ៉ា សៀង ណាំ ចំណាយ​ប្រាក់ខែ​ផ្ទាល់ខ្លួន​ដល់​ក្រុមគ្រួសារ​ទទួលមរណៈភាព និង​ស្ត្រី ទើប​សម្រាលកូន

06-April-2016 | ដោយ មែន កំសត់


​សៀមរាប ៖ អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចំណាយ​ប្រាក់ខែ​តំណាងរាស្ត្រ​របស់ខ្លួន ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ទើប​សម្រាលកូន និង​សមាជិកគ្រួសារ​ទទួលមរណៈភាព មកពី​៧​ភូមិ នៅក្នុង​សង្កាត់​ស្រ​ង៉ែ​ក្រុង​សៀមរាប ចំនួន​១៥០​គ្រួសារ ។ វប្បធម៌​ចែករំលែក​នេះ​បាន​ធ្វើឡើង​ចាប់តាំងពី​ឆ្នាំ​២០១៣​មក ដោយ​ក្នុង​១​ឆ្នាំៗ នា​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៦ ដែល​ស្ថិតនៅក្នុង​បុរី​របស់​អ្នកឧកញ៉ា ផ្ទាល់ គឺ​បុរី សៀង​ណាំ ទី​២ ។​

​អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​ក្រុមការងារ បាន​ជួប​សំណេះសំណាល​ជាមួយ​គ្រួសារ​ប្រជាពលរដ្ឋ ដែលមាន​ប្រសូត្រ​បុត្រ និង​អ្នកទទួល​មរណភាព ក្នុង​សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ចំនួន​១៥០​គ្រួសារ ។ ជាមួយគ្នានេះដែរ អ្នកឧកញ៉ា សៀង ណាំ បាន​ឧបត្ថម្ភ​ជូន​មួយ​គ្រួសារ​ចំនួន​២៥​ម៉ឺន​រៀល ជាការ​រួមចំណែក និង​រំលែក​ទុក្ខលំបាក​ដល់​ពួកគាត់​បាន​មួយចំណែក​តូច​ផងដែរ ។ ថវិការ​សរុប​ទាំងអស់​ចំនួន​៣៧​លាន​រៀល ការឧបត្ថម្ភ​ជូន​ដល់​ពលរដ្ឋ និង​អ្នក​ដែល​ទើបនឹង​ប្រសូត្រ​បុត្រ​រួច​នេះ​គី​ជា​លើក​ទី​៧ ហើយ​ក្នុងនោះ​សរុប​មាន​អ្នកស្លាប់​១៤៣​គ្រួសារ និង​ប្រសូត្រ​បុត្រ​បាន​៧២២​គ្រួសារ ។​

​អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប បានធ្វើការ​បញ្ជាក់​ជាមួយ​ពលរដ្ឋ​ថា ប្រាក់បៀវត្សរ៍ និង​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​របស់លោក ដែល​បានមកពី​រដ្ឋសភា គឺ​លោក មិនដែល​បាន​យកមកប្រើ​ប្រាស់​ក្នុង​ប្រយោជន៍​ផ្ទាល់ខ្លួន ឬ​ប្រគល់ជូន​ក្រុមគ្រួសារ​នោះទេ  គឺ​លោក តែងតែ​ចំណាយ​ទាំងស្រុង​សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​ជួប​ការលំបាក និង​ជួយឧបត្ថម្ភ​សម្រាប់​កិច្ចការ​អភិវឌ្ឍ​សង្គម ទាំង​ក្នុង​វិស័យ​ពុទ្ធិ​ចក្រ និង​អាណាចក្រ​ជាពិសេស​គឺ​ប្រជាពលរដ្ឋ​ដែល​ទើប​សម្រាលកូន និង​សមាជិកគ្រួសារ​ទទួលមរណៈភាព​នៅក្នុង​សង្កាត់​ស្រ​ង៉ែ នេះ​តែម្តង ។ ប្រជាពលរដ្ឋនៅក្នុង​សង្កាត់​ស្រ​ង៉ែ​ដែល​ទទួលបាន​ការឧបត្ថម្ភ​បាន​ចាត់ ទុក​អ្នកឧកញ៉ា សៀង​ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប ដ៍​ល្អ និង​ជា​គំរូ​សម្រាប់​ពួកគាត់​ទាំងអស់គ្នា ដោយសារតែ​លោក​តែងតែ​មាននូវ​វប្បធម៌​ចែករំលែក និង​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ជានិច្ច​ទាំង​ផ្នែក ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​អប់រំ សុខាភិបាល និង​ជីវភាព​រស់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ជាដើម ។​

​ក្រុម​ប្រជាពលរដ្ឋ​បាន​បន្តទៀតថា ពួកគេ​ចង់ឱ្យមាន​តំណាង​ដ៍​ល្អ​បែបនេះ ឱ្យបាន​ច្រើន​ដើម្បី​ជួយ​ធ្វើការ​អភិវឌ្ឍ​ប្រទេស​ឱ្យមាន​ការរីកចម្រើន និង​កាត់បន្ថយ​បាន​នូវ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ។ នៅ​ក្នុងឱកាស​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​មកពី​៧​ភូមិ ក្នុង​សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប នា​ថ្ងៃនេះ អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប សូម​ជូនពរ​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តសៀមរាប ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណីជាតិ ឆ្នាំវក អដ្ឋស័ក ព​.​ស​២៥៦០ ខាងមុខនេះ សូម​ឱ្យបាន​ប្រកបដោយ​សេចក្តីសុខ សុភង្គ​ល​និង​ពុទ្ធិ​ពរ ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

ចំនួនអ្នកទស្សនា

    20222247

  • ថ្ងៃនេះ4301
  • ម្សិលមិញ7271
  • សប្តាហ៍នេះ23771
  • ខែនេះ11581
  • ឆ្នាំនេះ994801
  • សរុប20222247