ព្រៃវែង៖ នាព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ នៅវិទ្យាល័យហ៊ុន សែន ព្រែកសណ្ដែក បានរៀបចំពិធីជប់លៀង អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ ដែលមានការអញ្ជើញចូលរួម របស់ ឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងារចុះជួយពង្រឹង ឃុំព្រែកចង្ក្រាន រួមជាមួយសហការី,លោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល រួមជាមួយមន្ត្រីសាលាស្រុក, លោក គង់ វណ្ណៈ ប្រធានការិយាល័យ អប់រំយុវជននិងកីឡា ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបប្រមាណ ៩០០នាក់ និងមានការរៀបចំអាហារសាមគ្គី មានការដឹកនាំ លេងល្បែងប្រជាប្រិយដូចជា ការលោតបាវ, បូមទឹកដាក់ដប, វាយក្អម, ទាញព្រ័ត្រ និង រាំលេងកំសាន្ត យ៉ាងសប្បាយក្រៃលែង។
នាឱកាសដ៏សប្បាយរីករាយនេះ ឯកឧត្តម ប៉ុល រតនា បាននាំយកមកនូវអំណោយមានដូចជា ៖ អាវកីឡា ចំនួន៩០កំផ្លេ, ស្បែកជើងកីឡា ៤៨គូ, ស្រោមដៃសម្រាប់អ្នកចាំទី ចំនួន៤គូ បាល់ទាត់ចំនួន ០៧ បាល់បោះចំនួន ០៣ ស្រោមជើង៥១គូ ជូនដល់កីឡាករបាល់ទះ និង បាល់ទាត់ របស់វិទ្យាល័យព្រែកសណ្ដែក ។
នៅក្នុងកម្មវិធីនេះឯកឧត្តមប្រធានក្រុមការងារ បានឧបត្ថម្ភដល់គរុសិស្សចំនួន ១២នាក់ ដែលកំពុងសិក្សានៅសាលាគរុកោសល្យខេត្តព្រៃវែងចំនួន១២នាក់ ក្នុងម្នាក់ៗទទួលបានថវិកាប្រចាំខែចំនួន ៤០០០០៛ក្នុងមួយខែ សំរាប់រយ:ពេលពេញ១ឆ្នាំលើសពីនោះទៅទៀតចូលរួមឧបត្ថម្ភកម្មវិធីជប់លៀង ចំនួន ១,៦០០,០០០៛ ។
នាឱកាសនោះដែរ លោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុក និង មន្ត្រីសាលាស្រុកឧបត្ថម្ភកម្មវិធីចំនួន ២៥០,០០០៛ និង អាហារ០១ តុ ស្មើនឹងថវិកា ១៦០,០០០ផងដែរ នៅក្នុងកម្មវិធីនោះដែរ ក៏មានលោកគ្រូ អ្នកគ្រូ ភ្ញៀវកិត្តិយស បានជួយឧបត្ថម្ភគាំទ្រ ថវិកាមួយចំនួនទៀតផងដែរ៕