សាលាខណ្ឌ​ជ្រោយចង្វារ បាន​ជួបជុំ​មន្ត្រីរាជការ​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​សុំ​សេចក្តីសុខ​

07-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ ៖ មន្ត្រីរាជការ​ជុំវិញ​សាលាខណ្ឌ​ជ្រោយចង្វារ កាលពី​ព្រឹក​ថ្ងៃទី​0៦ ខែមេសា ឆ្នាំ ២០១៦ បាន​និមន្ត​ព្រះសង្ឃ​សូត្រមន្ត និង​ប្រោះព្រំ ដើម្បី​សុំ​សេចក្តីសុខ ព្រមទាំង​ទទួល​អំណរ​សាទរ​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំវក​អដ្ឋស័ក ព​.​ស ២៥៦០ ត្រូវ​នឹង គ​.​ស ២០១៦ ដែល​នឹង​ឈានចូល​មកដល់​នៅ​ថ្ងៃ​ខាងមុខនេះ​។​

​ពិធីសូត្រមន្ត ដោយមាន​ការអញ្ជើញ​ចូលរួម​ទទួល​ពរជ័យ​ពី​សំណាក់ លោក ឃ្លាំង ហួត អភិបាលខណ្ឌ​ជ្រោយចង្វារ ព្រមទាំង​ភរិយា និង​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ​រួមទាំងមន្រ្តី​សាលាខណ្ឌ  សង្កាត់ យ៉ាងច្រើន​កុះករ​។​

លោក ឃ្លាំង ហួត បានឱ្យដឹងថា ៖ តាម​ទំនៀមទម្លាប់​ឱ្យតែ​ដល់​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ មន្ត្រីរាជការ​គ្រប់​ក្រសួង​មន្ទីរ ក៏ដូចជា​ស្ថាប័ន​នានា និង​នៅតាម​គេហដ្ឋាន​តែងតែ​និមន្ត​ព្រះសង្ឃ​មក​សូត្រមន្ត​ប្រោះព្រំ ដើម្បី​សុំ​សេចក្តីសុខ និង​សូម​ខមាទោស កំហុស​ទាំងឡាយណា​ដែល​បានធ្វើ​ខុស​ដោយ​ចេតនា​ក្តី អ​ចេតនា​ក្តី​ពី​ទេវតា ឆ្នាំ​ថ្មី និង​សូម​ឲ្យ​កូនចៅ​បាន​រួច​ផុតពី​ទុក្ខទោស​ទាំងនោះ និង​មាន​សេចក្តីសុខ​សប្បាយ​។​

​បន្ទាប់ពី​ព្រះសង្ឃ​ចំនួន​៥​អង្គ បាន​សូត្រធម៌​ប្រោះព្រំ​ដល់ ​លោក ឃ្លាំង ហួត និង​មន្ត្រី​សាលាខណ្ឌ​ទាំងអស់ ឱ្យមាន​សេរី​មង្គល វិបុល​សុខ និង​មាន​សេចក្តីសុខ​សប្បាយ​ក្នុង​ឆ្នាំ​ថ្មី លោក​អភិបាល​ក៏បាន​វេទ​យ្យ​ទាន និង​បច្ច័យ​ដល់​ព្រះសង្ឃ និង​ឧ​ទ្ទិ​កុសល​ជូន​ដល់​មាតា បិតា និង​ជីដូន​ជីតា និង​ញាតិ​ការ​ទាំង​៧​សន្តាន ដែល​បាន​ចែក​ឋាន ព្រមទាំង​ឧទ្ទិស​កុសល​ជូន​ដល់​វីរបុរស​អ្នកស្នេហាជាតិ ដែល​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់ ដើម្បី​បុព្វហេតុ​ជាតិ និង​មាតុភូមិ​។​

​នៅក្នុង​ពិធី​នោះ​ដែល ក្នុងនាម​គណៈបញ្ជាការ​ឯកភាព លោក​អភិបាល​បាន​ថ្លែង​អំណរ​អគុណ​ចំពោះ​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​ដែល​បាន​យកចិត្ត​ទុក​ដាក់​អស់ពី​កម្លាំងកាយ​ចិត្ត និង​ធនធាន​ក្នុងការ​បំពេញភារកិច្ច​តាម​ជំនាញ​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ៕

ចំនួនអ្នកទស្សនា

    20222467

  • ថ្ងៃនេះ4521
  • ម្សិលមិញ7271
  • សប្តាហ៍នេះ23991
  • ខែនេះ11801
  • ឆ្នាំនេះ995021
  • សរុប20222467