ភ្នំពេញ ៖ រដ្ឋបាលសាលារាជធានីភ្នំពេញបានប្រកាសសូមការយោគយល់ពីប្រជាពលរដ្ឋក្នុងការបញ្ចៀសចរាចរណ៍បណ្តោះអាសន្ននៅតាមផ្លូវមួយចំនួនចាប់ពីម៉ោង១២ថ្ងៃត្រង់ដល់ម៉ោង៩យប់ថ្ងៃទី០៧ មេសា ២០១៦ ដើម្បីរៀបចំពិធីថ្វាយព្រះពរសង្ក្រាន្តឆ្នាំថ្មីថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយសហភាពសហព័ន្ឋយុវជនកម្ពុជាសហការជាមួយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលារាជធានីភ្នំពេញចុះថ្ងៃទី០៦ មេសានេះបានឲ្យដឹងទៀតថា ផ្លូវដែលត្រូវបិទរួមមាន៖ កំណាត់ផ្លូវតិរវិថីព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ១៧៨ រហូតដល់ផ្លូវលេខ ២៤០ , កំណាត់ផ្លូវផ្លូវលេខ១៧៨ ចាប់ពីតិរវិថីព្រះស៊ីសុវត្ថិរហូតដល់ផ្លូវលេខ ១៩ និងកំណាត់ផ្លូវលេខ២៤០ ចាប់ពីតិរវិថីព្រះស៊ីសុវត្ថិរហូតដល់ផ្លូវលេខ ១៩ និងបញ្ចៀសការធ្វើចរាចរណ៍តាមផ្លូវលេខ១៩ពីជើងទៅត្បូងនិងពីត្បូងមកជើង ៕