ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦នេះ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ក្រោមការដឹកនាំពី លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ មានការរួមដំណើរ ពីក្រុមការងារអនុសាខាកាបាទក្រហមខណ្ឌ និងក្រុមការងារកាកបាទក្រហមកម្ពុជា សង្កាត់ទួលសង្កែរួមទាំង ក្រុមយុវជនកាកបាទក្រហមជាច្រើននាក់ បាននាំយកនូវអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាមកចែក ជូនបងប្អូនប្រជាពលរដ្ឋទីទាល់ក្រ ងាយរងគ្រោះចំនួន២៥ គ្រួសារដែលជាប្រជាពលរដ្ឋរស់នៅ តាមបណ្ដាភូមិនានាស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។
ឆ្លៀតក្នុងឱកាសនោះលោក ជា ពិសី បានលើកឡើងអំពីការយកចិត្តទុកដាក់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកតែងតែយកចិតទុកដាក់ដោះស្រាយ បញ្ហារាល់ទុក្ខលំបាកផ្សេងៗ ដែលកើតមានឡើងទៅលើប្រជាពលរដ្ឋទីទ័លក្រ ងាយរងគ្រោះនៅទូទាំងប្រទេស ពីព្រោះជាទូទៅគេ សង្កេតឃើញថា ទីណាមានប្រជាពលរដ្ឋជួបទុក្ខលំបាក ទីនោះជានិច្ចជាកាលតែងតែ មានវត្តមានរបស់កាកបាទក្រហមកម្ពុជាជានិច្ច ជាពិសេសនៅពេលដែលប្រជាពលរដ្ឋជួបគ្រោះអាសន្នផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ។ លោក ជា ពិសី បានបន្តថា បើទោះបីជាយើងមានជីវភាពខ្វះខាតក៏ពិតមែន ក៏ប៉ុន្តែយើងគ្រាន់តែមានការខ្វះខាតក្នុងស្ថានភាពដែល ប្រទេសយើង មានសុខសន្តិភាព និងគ្មានសង្គ្រាមដូចនេះយើងត្រូវខិតខំតស៊ូរស់បន្តទៀត ប្រកបដោយក្ដីសង្ឃឹមជានិច្ច ពីព្រោះសម្ដេចតេជោ ហ៊ុន សែន បានសន្យាហើយថាមិនឲ្យប្រជាពលរដ្ឋរបស់លោកណាម្នាក់ អត់បាយស្លាប់ឡើយ ហើយលោកបានបញ្ជាឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់ ធ្វើយ៉ាងណាយកចិត្តទុកដាក់មើលថែទាំសុខ ទុក្ខប្រជាពលរដ្ឋឲ្យបានគ្រប់ជ្រុងជ្រោយ។
សូមញ្ជាក់ថា អំណោយដែលបាននាំយកមកចែកជូនបងប្អូន ប្រជាពលរដ្ឋទីទ័លក្រងាយរងគ្រោះនាពេលនេះ រួមមានមួយគ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ (ស្មើរ១០កំប៉ុង)ឃីត១ (មានមុង១ ភួយ១ សារ៉ុង១ ក្រមា១) ក្នុងនោះលោក ជា ពិសី បានសហការចូលរួមឧបត្ថម្ភជាថវិការចំនួន៣០,០០០៛ (បីម៉ឺនរៀល)ផងដែរសម្រាប់ក្នុងមួយគ្រួសារ៕