ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំ ថ្មីប្រណីជាតិដែលនឹងចូលមកដល់នៅថ្ងៃទី១៣ដល់១៦ខែមេសាខាងមុខ នេះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានណែនាំដល់អាជ្ញាធរដែនដីនិងមន្ទីរជំនាញ នានាពិសេសមន្ទីរវប្បធម៍និងវិចិត្រសិល្បៈរាជធានីភ្នំពេញសហការ ជាមួយមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញរៀបចំកន្លែង សប្បាយភាពជូនប្រជាពលរដ្ឋទស្សនាកំសាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។
ឯកឧត្តមអភិបាលរាជធានីក៏បានណែនាំដល់អាជ្ញាធរដែនដី និងកងកំលាំងមានសមត្ថកិច្ចចូលរួមពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់និងបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋបាន ចូលរួមសប្បាយរីករាយនៅតាមរមណីដ្ឋាននានាក៏ដូចជានៅតាមទីអារាមក្នុង រាជធានីភ្នំពេញដោយបំផុសឲ្យប្រជាពលរដ្ឋចូលរួមលេងល្បែងប្រជាប្រិយ៏ ខ្មែរមានចោលឈូង,បោះអង្គញ់,ទាញព្រ័ត្រ,លាក់កន្សែង វាយក្អម ច្រៀងចម្រៀងបូរាណនិងសម័យកំដរមានរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់និងឡាំលាវជាដើម។
ឯកឧត្តមប៉ា សុជាតិវង្ស ក៏បានដាក់បញ្ជាដាច់ខាតត្រូវជៀស វាងការលេងល្បែងស៊ីសង,ការលេងកាំភ្លើងបាញ់ទឹក,ជះទឹកមានពណ៏,ទឹក កខ្វក់,គុប ស្បោងទឹក,ប៉ាតធ្យូង លាបម្សៅ,វាយដោយរំពាត់ឬដោយដៃដល់អ្នកធ្វើដំណើរឬដុតផាវជាតិផ្ទុះ គ្រប់ប្រភេទជាដើមដែលជាបច្ច័យអាក្រក់ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសង្គមដែលត្រូវតែជៀសវាងក្នុងឧិកាសបុណ្យ ចូលឆ្នាំថ្មីខាងមុខនេះ។
មន្ត្រីនៃមន្ទីរជំនាញបានឱ្យដឹងថា ក្នុងរយៈពេល៤ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំនេះសាលារាជធានីភ្នំពេញ បានចាត់តាំងឱ្យមន្ទីរវប្បធម៍និងវិចិត្រសិល្បៈរាជធានីភ្នំពេញ សហការជាមួយមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញរៀបចំកន្លែង សប្បាយភាពជូនប្រជាពលរដ្ឋទស្សនាកំសាន្តនៅរមណីយ៍ដ្ឋានវត្តភ្នំ នៅមុខវត្តបុទុមវត្ដីនិងនៅកោះពេជ្រសហការរៀបចំដោយសាលារាជធានី និងក្រុមហ៊ុនឯកជន៕