ភ្នំពេញ ៖ នា ព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ នៅសាលាសង្កាត់ ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្តអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំវក ពស ២៥៦០ ដែលឈានមកដល់នាពេលខាងមុខនេះ។
ក្នុងពិធិនោះក៏មានវត្តមាន ចូលរួមពី លោក លោកស្រីជាក្រុមប្រឹក្សាសង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ប្រជាការពារ សង្កាត់ ភូមិ យុវជនសង្កាត់ ភូមិ និងប្រជាពលរដ្ឋច្រើននាក់ផងដែរ ស្ថិតក្រោមអធិបតីភាព លោក សយ កុសល ចៅសង្កាត់ទួលសង្កែ។
លោក សយ កុសល ចៅសង្កាត់ទួលសង្កែបានលើកឡើងដែរ សូត្រមន្ត លើករាសី និងស្រោចទឹកបណ្តោះគ្រោះ ដើម្បីបណ្តេញ ឧបទ្រពចង្រៃដែលកើតមាននៅក្នុងឆ្នាំចាស់ឱ្យរលាយសាបសូន្យ និង ត្រៀមទទួលពរជ័យ ពីទេវតាឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ ដែលនឹងយាងមក ថែរក្សាប្រជាពលរដ្ឋខ្មែរនាប៉ុន្មានថ្ងៃខាងមុខនេះ។
បន្ទាប់ពី ពិធីសូត្រមន្ត ក្នុងនាមរដ្ឋបាលសង្កាត់ទួលសង្កែ សូមគោរពថ្លែងអំណរគុណចំពោះ លោក លោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់ និង សមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ចំពោះបុគ្គលិកក្រោមឱវាទ និងតែងតែដឹកនាំ និង ចូលរួមយ៉ាងសកម្ម ទាំង ការងារផ្នែកពុទ្ធចក្រ ទាំងការងារផ្នែកអាណាចក្រ សូមគោរពជូនពរ ដល់លោកលោកស្រី ព្រមទាំងក្រុមគ្រួសារ ឱ្យមានតែសេចក្តីសុខ មានសុខភាពល្អ និងជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕