ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ រដ្ឋបាលខណ្ឌសែនសុខបាន រៀបចំពិធីប្រកាសតែងតាំងលោក ប៉ឹល កុសល ជាអភិបាលខណ្ឌសែនសុខ ជំនួសតំណែងលោក លី សាវេត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ។
ពិធីប្រកាសផ្ទេរមុខតំណែងនេះមានវត្តមានចូលរួមពីមន្ត្រីសាលាខណ្ឌ ក្រុមប្រឹក្សាខណ្ឌ សង្កាត់ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ គណៈពង្រឹង ខណ្ឌ ក្រុមការងារចុះជួយសង្កាត់រួមនិង មន្ត្រីដែលពាក់ព័ន្ធ ជាច្រើនអ្នកផងដែរ។
ក្រោយពី បានស្ដាប់របាយការណ៍ស្ដីពីការអនុវត្តន៍ការងាររដ្ឋបាលដែនដី របស់លោកលី សាវេត អភិបាលខណ្ឌ ចាស់ដែលបានជម្រាបជូនរួចមក នាឱកាសនោះលោកនាយករដ្ឋបាលសាលារាជធានីភ្នំពេញ បានឡើងអានអនុក្រឹត្យរបស់ រាជរដ្ឋាភិបាល អនុក្រឹត្យ តាមរយៈអនុក្រឹត្យលេខ ៣៦៣ អនក្រ.តត ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ស្តីពីការតែងតាំងមន្ត្រីរាជការក្នុងនោះសម្រេចលោក ប៉ឹល កុសល ជាអភិបាលខណ្ឌសែនសុខ ជំនួសតំណែងលោក លី សាវេត ចាប់ពីពេលប្រកាសនេះតទៅ។ សូមបញ្ជាក់ថា លោក លី សាវេត អភិបាលខណ្ឌសែនសុខ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសតែងតាំងទទួលតំណែងថ្មីជា អភិបាលរងខេត្តកំពត ។
បន្ទាប់មកមាន ពិធីប្រគល់អនុក្រឹត្យស្ដីពីការតែងតាំងនិងការប្រគល់ត្រារដ្ឋបាល ខណ្ឌជូនលោកអភិបាលខណ្ឌ ដែលទើបចូលកាន់តំណែងថ្មី លើសពីនេះទៅទៀតលោក ប៉ឹល កុសល ជាអភិបាលខណ្ឌសែនសុខ ក៏បាន ឡើងធ្វើការប្ដេជ្ញាចិត្ត និងបានលើកឡើងថា លោកមានក្ដីសប្បាយរីករាយដែលថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលតែងតាំង លោកជាអភិបាលខណ្ឌហើយលោកនឹងខិតខំអនុវត្តន៍ការងារតាមការចាត់ តាំងរបស់ ថ្នាក់ជាតិ ក្រសួង ខេត្ត បំរើសេវាសាធារណៈធានាបាននិរន្តរភាពសន្តិសុខសណ្ដាប់ធ្នាប់ជូន ប្រជាពលរដ្ឋ ឲ្យបានល្ងប្រសើរ ដោះស្រាយនូវរាល់សំណូមពរប្រជាពលរដ្ឋ អង្គភាពមន្ត្រីក្រោមឱវាទ កំណែទម្រង់រដ្ឋបាលសាធារណៈ បង្កើនសាមគ្គីភាពផ្ទៃក្នុងរវាងក្រុមប្រឹក្សានិងគណៈអភិបាលក្រុង និងខិតខំគៀងគរការអភិវឌ្ឍមូលដ្ឋានក្រុងឲ្យបានល្អប្រសើរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានមតិសំណេះសំណាលទៅកាន់សមាជិកសមាជិកាប្រកបដោយភាពកក់ក្ដៅ បំផុត ហើយឯកឧត្តមក៏បានធ្វើការណែនាំ ដល់លោក ប៉ឹលកុសល ជាអភិបាលខណ្ឌសែនសុខ ដែលមកចូលកាន់តំណែងថ្មីនេះត្រូវខិតខំធ្វើការបំរើប្រជាពលរដ្ឋ ស្គាល់សុខ ទុក្ខប្រជាពលរដ្ឋ នៅជិតប្រជាពលរដ្ឋ ត្រូវបន្តការធ្វើផែនការការងារ ដើម្បីកិច្ចអភិវឌ្ឍន៍រួមមាន ៖១-លុបបំបាត់ល្បែង ស៊ីសងគ្រប់ប្រភេទ២- រក្សាអោយបាននូវ សេចក្កីសុខ សុវត្តិភាពជូន ប្រជាពលរដ្ឋ/៣-ចូលរួមអភិវឌ្បន៍ ខណ្ឌអោយកាន់តែល្អប្រសើ បន្ថែមទៀត។/៤- ចូលរួមលើក កំពស់ បរិស្ថាន
៥- ផ្តល់ សេវា សាធារណ:ជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរថែមទៀត។
ហើយឯកឧត្តម ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ក៏ សំណូមពរដល់អាជ្ញាធរសមត្ថកិច្ចត្រូវចូលរួមសហការលើការបង្ក្រាប បទល្មើស ចូលរួមផ្សព្វផ្សាយគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ៩ចំណុចនិងបង្កើនការយកចិត្តទុកដាក់ផ្សព្វផ្សាយលើការងារចារចរណ៍ឲ្យ បានទូលំទូលាយ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិឲ្យមានការរីកចម្រើនសម្បូររុងរឿង ចីរកាល ។
បន្ទាប់មក ប្រធានក្រុមប្រឹក្សា និង ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់សមាជិកសមាជិកាដែលចំណាយពេលចូលរួមការប្រកាសតែងតាំងនាឱកាសនេះប្រកបដោយក្ដីរីករាយ៕