កំពង់ចាម ៖ នៅរសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ រដ្ឋបាល ស្រុកកោះសូទិនបានប្រារព្ធពិធីសូត្រមន្តលើករាសី នាឱកាសបុណ្យចូលឆ្នាំ ថ្មី ប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាព លោក ហេង ហ៊ុន ប្រធានក្រុមប្រឹក្សាស្រុក និង លោក ផេន សុផល អភិបាល ស្រុកកោះសូទិន។
ពិធីសូត្រមន្ត នេះ មានការអញ្ជើញចូលរួម ពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោកស្រី អភិបាលរងស្រុក កងកម្លាំងទាំងបី មន្ត្រី សាលាស្រុកទាំងអស់ លោក លោកស្រីប្រធានការិយាល័យជុំវិញស្រុក ផងដែរ។
លោក ផេន សុផល អភិបាល ស្រុកកោះសូទិន បានមានមតិថា៖ ពិធីសូត្រមន្តនេះគឺ លើករាសី និងស្រោចទឹកបណ្តោះគ្រោះ ដើម្បីបណ្តេញ ឧបទ្រពចង្រៃដែលកើតមាននៅក្នុងឆ្នាំចាស់ឱ្យរលាយសាបសូន្យ និង ត្រៀមទទួលពរជ័យ ពីទេវតាឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ ដែលនឹងយាងមក ថែរក្សាប្រជាពលរដ្ឋខ្មែរនាប៉ុន្មានថ្ងៃខាងមុខនេះ ។
ក្នុងនាមរដ្ឋបាល ស្រុកកោះសូទិន លោក អភិបាល ក៏ សូមគោរពថ្លែងអំណរគុណចំពោះ លោក អភិបាលរង និង ក្រុមប្រឹក្សាស្រុក ដែលតែងតែយកចិត្តទុកដាក់ចំពោះបុគ្គលិកក្រោមឱវាទ និងតែងតែដឹកនាំ និង ចូលរួមយ៉ាងសកម្ម ទាំង ការងារផ្នែកពុទ្ធចក្រ ទាំងការងារផ្នែកអាណាចក្រ សូមគោរពជូនពរលោក អភិបាលរង ក្រុមប្រឹក្សា ស្រុក និងមន្ត្រី សាលាស្រុក កងកម្លាំង ទាំង៣ ព្រមទាំងក្រុមគ្រួសារ ឱ្យមានតែសេចក្តីសុខ មានសុខភាពល្អ និងជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ -