ព្រៃវែង៖ ស្ពានអ្នកលឿង ថ្ងៃទី១៨ ខែ មេសា ឆ្នាំ២០១៦ នេះមានភ័ព្វសំណាងណាស់ដោយ បាន ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និង ឯកឧត្តម ថោង វរលក្ខណ៍ អគ្គស្នងការ រងនគរបាលជាតិ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកពាមរក៍ ដឹកនាំកំលាំងរដ្ឋបាលខេត្ត និង រដ្ឋបាលស្រុកពាមរក៍ ចុះបោសសំរាម និងលាងសំអាតដោយផ្ទាល់ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរត្រូវបានបញ្ចប់នោះ។
បើយោងតាមមតិរបស់ប្រជាពលរដ្ឋ បានលើកឡើងថា៖ អភិបាលខេត្តដ៏វ័យក្មេង និងមិនចេះប្រកាន់ខ្លួន ចូលរួមរាល់កិច្ចការសង្គម និងចូលរួមរាល់ទុក្ខធុរ: ប្រជាពលរដ្ឋ ឯកឧត្តម ជា សុមេធី តាមរយ:សកម្មភាពរបស់លោកនៅពេលនេះ ពិតជាបានឆ្លុះបញ្ជាំង ពីការយកចិត្តទុកដាក់ថែរក្សាសោភ័ណភាព បរិស្ថាន និងអនាម័យ សង្គមជាតិ ព្រមទាំងជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋទូទៅ ត្រូវរួមគ្នាថែរក្សាអនាម័យ និងសំអាត បរិស្ថានអោយល្អប្រសើរ ដើម្បីជាមុខមាត់ខ្មែរលើឆាកអន្តរជាតិ និងដើម្បីអោយដំណើរការរស់នៅរបស់ប្រជាពលរដ្ឋយើងប្រកបដោយសុខភាពល្អ ចៀសវាងពីជំងឺទាំងឡាយទាំងពួង។
សូមបញ្ជាក់ថា ស្ពានអ្នកលឿងនេះ ជាស្នាដៃរបស់ជប៉ុន ទាំងសោភ័ណភាព និងគុណភាពពិតជាអស្ចារ្យណាស់ ។ ប៉ុន្តែកន្លងមកនេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋមួយ ចំនួនតាំងលក់ផលិតផលផ្សេងៗ និងអ្នកទៅដើរកំសាន្តទីនោះ ញ៉ាំ បោះពង្រាយសំរាមពាសពេញលើស្ពាន ដែលធ្វើបាត់បង់នូវសោភ័ណភាពស្ពានដ៏ល្អប្រណីតនេះ៕