ភ្នំពេញ៖ នាព្រឹក ថ្ងៃទី១៩ ខែ មេសា ឆ្នាំ២០១៦នេះ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ ការិយាល័យភូមិបាលខណ្ឌ ចៅសង្កាត់ មេភូមិ បានចុះចែកប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដល់ខ្នងផ្ទះនីមួយៗ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍អន្លង់គងថ្មី សង្កាត់ព្រៃស ដែលនៅសេសសល់មិនទាន់បានទទួល នាពេលចែកប័ណ្ណកន្លងមក។
ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋ នាឱកាសនោះដែរ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោបានមានមតិ សំណេះសំណាល ទៅកាន់បងប្អូន ប្រកបដោយ ភាពរីករាយនិង ទឹកមុខញញឹម កក់ក្ដៅ និង ស្និទ្ធស្នាលជាទីបំផុត ។ក្រៅពីការសំណេះសំណាល លោក អភិបាលខណ្ឌ និងក្រុមការងារ ក៏បានធ្វើការចែកនូវប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៅតាមខ្នងផ្ទះ ជូនប្រជាពលរដ្ឋ នៅក្នុង សង្កាត់ព្រៃសហើយ លោក ក៏បានណែនាំនៅពេលដែលទទួលបាន ឯកសារត្រូវ ពិនិត្យ និងថែរក្សាព្រោះវាជាឯកសារសំគាល់ គតិយុត្តិ មានសុពលភាពក្នុងការប្រើប្រាស់ បើមានការបាត់បង់ដោយប្រការណាមួយ ត្រូវដាក់ពាក្យបណ្ដឹងទៅកាន់ អាជ្ញាជំនាញសុរិយោដី។
លើសពីនេះទៅទៀត៖លោកអភិបាលខណ្ឌ ក៏បានសំណូមពរ ដល់បងប្អូន មេត្តាចូលរួម លើការងារភូមិ ឃុំមានសុវត្ថិភាព ការគោរពច្បាប់ចរាចរណ៍ ប្រសិនបើមានបញ្ហាអ្វីកើតឡើងត្រូវ ទំនាក់ទំនងសហការជាមួយអាជ្ញាធរ ដើម្បីមានវិធានការ ជួយអន្តរាគមន៍ ដោះស្រាយទាន់ពេល វេលា។
នាឱកាសនោះដែរដើម្បី ឆ្លើយតបទៅកាន់ក្រុមការងារ របស់សាលាខណ្ឌ លោកអភិបាលខណ្ឌ ប្រជាពលរដ្ឋ មានការត្រេកអរ និង រីករាយ យ៉ាងក្រៃលែងចំពោះថ្នាក់ដឹកនាំ មូលដ្ឋាន ដែលតែងតែគិតគូរ សុខទុក្ខ ហើយជាក់ស្ដែងដូច ជាការ យក ប័ណ្ណកម្មសិទ្ធិ មកប្រគល់ជូនពួកគាត់ ដល់ផ្ទះនាពេលនេះ និង សូមជូនពរ ដល់លោក អភិបាលនិង ក្រុមការងារ ជួបតែសំណាងល្អ និងទទួលជោគជ័យ គ្រប់ភារកិច្ច ដែល រាជរដ្ឋាភិបាលប្រគល់ជូន៕