កំពង់ចាម៖ ប្រជាពលរដ្ឋប្រមាណជាង២០០គ្រួសារនៅ ឃុំ កោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាមបានប្រឈមនឹងកង្វះទឹកប្រើប្រាស់ប្រចាំថ្ងៃរយៈពេលជាង១ខែមកហើយ។
បើតាមការបកស្រាយរបស់លោក ប៊ូ ធី មេឃុំកោះរការបានឲ្យដឹងដែរថា៖នៅភូមិកោះរការ ឃុំកោះរការ ពីមុនមានប្រឡាយ២កន្លែងដែលមានប្រភពទឹកប្រើប្រាស់ លោកក៏បានសហការនាំគ្នាជួយស្ដារប្រឡាយនេះដើម្បីយកទឹកទៅប្រើប្រាស់ តែដោយអាកាសធាតុក្ដៅខ្លាំង ក៏ត្រូវរីងស្ងួត ធ្វើឲ្យមានការកង្វះទឹកប្រើប្រាស់ពីពេលនោះមកជាង១ខែមកហើយ ។
លោក មេឃុំ ក៏បានបន្តទៀតផងដែរថា៖ក្រោយពីទទួលបានព័ត៌មានគឺលោកបានធ្វើរបាយការណ៍ទៅថ្នាក់ស្រុក និង មន្ទីរជំនាញធនធានទឹកខេត្តកំពង់ចាមតែជាង១ខែមកហើយមិនឆ្លើយតបសោះ លោកមេឃុំក៏បានសំណូមពរដល់ស្ថាប័នជំនាញ ពិសេស ឯកឧត្តមអភិបាលខេត្តកំពង់ចាម មេត្តាជួយអន្តរាគមន៍ និងស្វែងរកប្រភពទឹក ដើម្បី ដោះស្រាយជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានយើងខ្ញុំដោយក្ដីអនុគ្រោះផងចុះ៕