ស្វាយរៀង៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ នៅសាលាខេត្តស្វាយរៀង មានប្រារព្ធពិធីប្រកាសចូលកាន់មុខតំណែង លោក តូច ប៉ូលីវ៉ា ជាអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តនេះ ក៏មានការចូលរួមពីបណ្តាលមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ជាច្រើនាក់ផងដែរ។បន្ទាប់ពីឯកឧត្តម អភិបាលខេត្តស្វាយរៀង បានអានរបាយការណ៏ស្វាគមន៏ពីសកម្មភាពការងារកន្លងមកជូនគណៈអធិបតី រួចមកលោកតូច ប៉ូលីវ៉ា បានធ្វើការប្តេជ្ញាចិត្តថា នឹងបំពេញការងារដែលថ្នាក់លើប្រគល់ជូន ឲ្យបានសម្រេចគ្រប់ភារកិច្ច។ក្នុងនោះធានាឲ្យបានដាច់ខាតនូវរដ្ឋធម្មនុញ្ញច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗនៃព្រះរាជាណាចក្រកម្ពុជា។ ខិតខំបំពេញការងារអោយអស់ពីសមត្ថភាព និងកម្លាំងកាយចិត្តដើម្បីបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ ជាពិសេសក្នុងការថែរក្សាសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការកសាងសមត្ថភាពមន្ត្រីការធ្វើឲ្យប្រសើរឡើងនូវសេវាសាធារណៈ ការអភិវឌ្ឈសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់ការទាក់ទាញអ្នកវិនិយោគដើម្បី បង្កើនការងារជូនប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន។
នាឳកាសនោះដែរ ឯកឧត្តម សក់ សេដ្ឋា បានផ្តាំផ្ញើដល់លោកតូច ប៉ូលីវ៉ា ៖ត្រូវធ្វើយ៉ាងណាត្រូវបង្កើនទំនាក់ទំនងជាមួយមន្ត្រីនៅទីនេះឲ្យ កាន់តែមានភាពល្អប្រសើរឡើង។ព្រោះថាការផ្លាស់ប្តូរបទពិសោធន៏គ្នា ទៅវិញទៅមកធ្វើឲ្យយើងកាន់តែទទួលបាននូវប្រសិទ្ធភាពការងារថែម មួយកម្រិតទៀត ក្នុងការបំរើប្រជាពលរដ្ឋ៕