កំពង់ចាម ៖ នាព្រឹកថ្ងៃ ទី២១ ខែ មេសា ឆ្នាំ ២០១៦ រដ្ឋបាលសាលា ស្រុកស្ទឹងត្រង់ បានរៀបចំពិធីប្រកាសផ្ទេរ និង ចូលកាន់ តំណែង អភិបាល អភិបាលរង នៃគណៈអភិបាល ស្រុក ស្ទឹងត្រង់ ខេត្ត កំពង់ចាម។
ពិធីនេះ មាន វត្តមាន ចូលរួមពី លោក ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ទីចាត់ការវិនិយោគខេត្ត មន្ទីរជុំវិញខេត្ត គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក កងកម្លាំងទាំង៣ មន្ត្រីការិយាល័យជុំវិញ ស្រុក មេឃុំ និង មន្ត្រីរាជការ ដែលពាក់ព័ន្ធជាច្រើនរូបផងដែរ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម លន់ លឹមថៃ អភិបាលនៃគណៈ អភិបាល ខេត្តកំពង់ចាម។
បន្ទាប់ពីស្ដាប់ របាយការណ៍ ស្វាគមន៍ របស់ លោក អភិបាល ស្រុក ចាស់ដែលបានជម្រាបជូនគណៈអធិបតី និង អ្នកចូលរួម រួចមក លោក នាយកទីចាត់ការធនធានមនុស្សបានឡើងអានអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ដែលសម្រេចតែងតាំង លោក ទុន ណេត ជាអភិបាល នៃគណៈអភិបាល ស្រុក ស្ទឹងត្រង់ ព្រមទាំងបានអាននូវ ប្រកាសរបស់ ក្រសួង មហាផ្ទៃ ស្ដី ពីការតែងតាំងអភិបាលរងស្រុក បន្ថែម រចនាសម្ព័ន្ធ គណៈ អភិបាលស្រុកផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម លន់ លឹមថៃ អភិបាលនៃគណៈ អភិបាល ខេត្តកំពង់ចាម បានមានមតិផ្ដាំផ្ញើទៅលោក ទុន ណេត អភិបាល ស្រុក ស្ទឹងត្រង់ ដែលចូលកាន់តំណែងថ្មីត្រូវ នាំគ្នា ធ្វើសច្ចាក្នុងចិត្តថា៖ ត្រូវស្មោះត្រង់ នឹងជាតិស្មោះត្រង់ជាមួយប្រជាជន ហើយខិតខំបម្រើប្រជាជន ដោយក្តីរីករាយ ហើយធ្វើអ្វីៗដើម្បីប្រជាជន កុំឲ្យភ្លេចខ្លួន នឹងមុខតំណែង ។ ហើយត្រូវសហការរួបរួមគ្នាអនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឲ្យបានល្អប្រសើរ បម្រើសេវាសាធារណៈនានាឲ្យមានប្រសិទ្ធភាពខ្ពស់ ចូលរួមផ្សព្វផ្សាយច្បាប់បទដ្ឋាននានាជូនប្រជាពលរដ្ឋឲ្យបានទូលាយ ដោះស្រាយបញ្ហាតម្រូវការជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា សំដៅចូលរួមកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋានតាមយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ៕
ដោយ៖អ៊ាម ហ៊ុយ