ភ្នំពេញ៖ នា រសៀល ថ្ងៃទី២០ ខែ មេសា ឆ្នាំ២០១៦ លោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា នៃខណ្ឌសែនសុខបានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនរបស់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅជូនគ្រួសារលោក ប៉ូ ប៉ន ជាក្រុមការងារកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ដែលភរិយាទើបតែឆ្លងទន្លេ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ។
នាឱកាសនោះ លោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា នៃខណ្ឌសែនសុខ បានសម្ដែង នូវក្ដីត្រេកអរ ចំពោះគ្រួសារ លោក ប៉ូ ប៉ន ជាក្រុមការងារកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ដែលភរិយាទើបតែឆ្លងទន្លេ ប្រកបដោយ សុវត្ថិភាព ទាំងមាតា ទារក លើសពីនោះទៅទៀត លោក ក៏បានប្រគល់នូវ អំណោយជូនដល់គ្រួសារ រួមមាន៖ អង្ករចំនួន ៥០គីឡូក្រាម ទឹកក្រូចចំនួន ០១កេស ទឹកសុទ្ធចំនួន ០១កេស មីចំនួន ០២កេស សម្ភារៈផ្ទះបាយមួយឈុត ២៥មុខ ឃីតចំនួន ០១ឈុត និងថវិកាចំនួន ១០០.០០០រៀល ហើយជាមួយនេះ អនុសាខាសមាគមន៍ នារីខណ្ឌ សែនសុខក៏បានចូលរួមឧបត្ថម្ភខោទឹកនោមកូនក្មេងចំនួន ២៦ខោផងដែរ ៕