ព្រៃវែង៖ នៅព្រឹកថ្ងៃទី២០ ខែ មេសា ឆ្នាំ២០១៦ នៅសាលាស្រុក ស៊ីធរកណ្ដាល ខេត្តព្រៃវែងបានរៀបចំកិច្ចប្រជុំដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០១៦ ចំនួន៥ឃុំ ក្រោមអធិបតីភាព លោក ម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្ដាល។
កិច្ចប្រជុំនេះមានវត្តមានចូលរួមពីមន្ត្រីផអ៣ ខេត្ត ស្រុក ទីចាត់ការផែនការវិនិយោគ ខេត្ត មន្ត្រីគាំទ្របច្ចេកទេសខេត្ត ស្រុក ទីប្រឹក្សាគម្រោង ស្រុកខេត្ត មន្ត្រីសម្របសម្រួលស្រុក និងគណៈកម្មការលទ្ធកម្មឃុំទាំង៥រួមទាំងលោក លោកស្រីជាក្រុមហ៊ុន អ្នកទទួលការដែលបានចូលរួមដេញថ្លៃផងដែរ។
មានមតិសំណេះសំណាលនាឱកាសនោះលោក ម៉ននី បណ្ឌិត អភិបាល ស្រុកស៊ីធរកណ្ដាលបានលើកឡើងដែរថា៖ ក្រុមប្រឹក្សាឃុំបានរៀបចំគម្រោងជាអទិភាពជារៀងរាល់ឆ្នាំទៅតាមផែនការវិនិយោគអភិវឌ្ឍន៍ឃុំ ដែលមានមន្ត្រីសម្របសម្រួល បច្ចេកទេស ខេត្ត ស្រុក និងតាមការប៉ាន់ស្មាន តាមគម្រោងផែនការមូលនិធិឃុំប្រចាំ ដោយពិនិត្យតាមសភាពជាក់ស្ដែងនិងតាមតម្រូវការ ប្រជាពលរដ្ឋជាចម្បង ព្រមទាំងមានការអនុម័តពីក្រុមប្រឹក្សាឃុំ បន្ទាប់មកត្រូវរៀបចំគម្រោងដែលបានសិក្សារួចបញ្ជូនទៅថ្នាក់ខេត្ត ពិនិត្យនិងរៀបចំការដេញថ្លៃតាមនិតិវិធីលទ្ធកម្ម ដើម្បីស្វែងរក អ្នកទទួលការ លើការអនុវត្តន៍គម្រោង ។
លោកអភិបាលស្រុកក៏បានស្នើដល់ អង្គភាព ដែលបានចូលរួមកិច្ចលទ្ធកម្មនាឱកាសនេះត្រូវអនុវត្តន៍តាមបទដ្ឋានបច្ចេកទេស តម្លាភាព គោរពបានបទបញ្ជាផ្ទៃក្នុង ហើយអ្នកទទួលការក្រោយពីដាក់ដេញថ្លៃឈ្នះត្រូវទទួលយកគម្រោង មិនរត់ចោល អនុវត្តន៍តាមច្បាប់នៃគម្រោងថ្នាក់ជាតិ(គជអប)ហើយពេលដេញថ្លៃត្រូវរក្សាភាពថ្លៃថ្នូរ រក្សាភាពស្ងៀមស្ងាត់ មិនប្រកាន់បក្សពួក ហើយលោកក៏បានស្នើដល់គណៈកម្មាការលទ្ធកម្ម ឃុំ មុនពិនិត្យវាយតម្លៃស្រោមសំបុត្រ មេត្តាពិនិត្យឲ្យបានហ្មត់ចត់ជៀសវាងនូវភាពមិនប្រក្រតីណាមួយដែលកើតមានឡើងជាយថាហេតុ។បន្ទាប់មកលោក៏បានប្រកាសការដេញថ្លៃគម្រោងមូលនិធិឃុំប្រចាំឆ្នាំ២០១៦ចាប់ពីពេលនេះតទៅ៕