រតនគិរី ៖ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្ត ក្រោមអធិបតីភាពឯកឧត្តម លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ។
លោក លន់ សុភាព ឋានន្តរសក្ដិ វរមន្ត្រីថ្នាក់លេខ៣ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាឲ្យកាន់តំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី ស្របតាមអនុក្រឹត្យលេខ៣៩៩ អនក្រ.តត ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ និងលិខិតលេខ០១៤៥៨ អ.រ.ប ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ស្តីពីការរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្ត ។
ការប្រកាសចូលកាន់តំណែងនេះផងដែរ គឺជាការបំពេញរចនាសម្ព័ន្ធ គណៈអភិបាលដែលទំនេរ និង ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងអង្គភាពរដ្ឋបាលខេត្តរតនគីរី ប្រកបដោយប្រសិទ្ធិផល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើន សេវាសាធារណៈឲ្យកៀកជាមួយប្រជាពលរដ្ឋ និងសម្រេចឲ្យបាននូវគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់ រាជរដ្ឋាភិបាល៕