ភ្នំពេញ៖ នាព្រឹកថ្ងៃ ទី២២ ខែ មេសា ឆ្នាំ ២០១៦នៅសាលាស្រុក កំពង់សៀម ខេត្តកំពង់ចាម បានរៀបចំពិធីប្រកាសផ្ទេរ និង ចូលកាន់ តំណែង អភិបាល អភិបាលរង នាយករដ្ឋបាល នៃគណៈអភិបាល ស្រុក កំពង់សៀម ខេត្ត កំពង់ចាម ក្រោម អធិបតី ឯកឧត្តម លន់ លឹមថៃ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម។
ពិធីនេះ មាន វត្តមាន ចូលរួមពី ឯកឧត្តម អ៊ុំ ភឿនគុណ្ណ វុឌ្ឍ អភិបាលរង ខេត្ត មន្រ្តីរាជការសាលាខេត្ត លោក ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ទីចាត់ការវិនិយោគខេត្ត មន្ទីរជុំវិញខេត្ត គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក កងកម្លាំងទាំង៣ មន្ត្រីការិយាល័យជុំវិញ ស្រុក មេឃុំ និង មន្ត្រីរាជការ ដែលពាក់ព័ន្ធជាច្រើនរូបផងដែរ ។
បន្ទាប់ពីស្ដាប់ របាយការណ៍ ស្វាគមន៍ របស់ លោក គឹម ឌី អភិបាល ស្រុកកំពង់សៀម(ដែលចូននិវត្តន៍) បានជម្រាបជូនគណៈអធិបតី និង អ្នកចូលរួមស្ដីពីសកម្មភសាពការងាររដ្ឋបាលដែនដីស្រុក ការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការបម្រើសេវាសាធារណក្នុងមូលដ្ឋានស្រុក រួចមក នាឱកាសនោះលោក នាយកទីចាត់ការធនធានមនុស្សបានឡើងអានអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ដែលសម្រេចតែងតាំង លោកស្រី ស្រី គឹម ឆយ ជាអភិបាល នៃគណៈអភិបាល ស្រុក កំពង់សៀម ជំនួសលោក គឹមឌី ដែលចូលនិវត្តន៍ ព្រមទាំងបានអាននូវ ប្រកាសរបស់ ក្រសួង មហាផ្ទៃ ស្ដី ពីការតែងតាំង អភិបាលរង នាយករដ្ឋបាល ស្រុក បន្ថែម រចនាសម្ព័ន្ធ រដ្ឋបាលស្រុកផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម លន់ លឹមថៃ អភិបាលនៃគណៈ អភិបាល ខេត្តកំពង់ចាម បានមានអនុសាសន៍ផ្ដាំផ្ញើទៅលោក ស្រី ស្រី គឹម ឆយ អភិបាល ស្រុក ដែលចូលកាន់តំណែងថ្មីត្រូវ នាំគ្នា ធ្វើសច្ចាក្នុងចិត្តថា៖ ត្រូវស្មោះត្រង់ នឹងជាតិស្មោះត្រង់ជាមួយប្រជាជន មានសាមគ្គីភាពផ្ទៃក្នុងរវាងក្រុមប្រឹក្សា និងគណៈអភិបាលស្រុកក៏ដូចជា អាជ្ញាធរ និងមន្ត្រីក្រោមឱវាទហើយខិតខំបម្រើប្រជាជន ដោយក្តីរីករាយ ហើយធ្វើអ្វីៗដើម្បីប្រជាជន កុំឲ្យភ្លេចខ្លួន នឹងមុខតំណែងឯកឧត្តមបានបញ្ជាក់ផងដែរថា៖កាលពីខេត្តកំពង់ចាមមិនទាន់បំបែកខេត្តគឺមានស្ដ្រីជាអភិបាលស្រុក១រូប នៅស្រុកត្បូងឃ្មុំ ក្រោយមករាជរដ្ឋាភិបាលក៏បានផ្ទេរមកឲ្យកាន់តំណែងនូវមន្ត្រីសាលាខេត្តវិញ ឥលូវនេះ ការប្រកាសស្រ្តី ជាអភិបាលស្រុកថ្ងៃនេះនេះ ចាត់ទុកជា អភិបាលស្រុកស្ដ្រីទី១ហើយនៅក្នុងខេត្តកំពង់ចាម ។
ឯកឧត្តមក៏បានបន្តថា៖ហើយត្រូវសហការរួបរួមគ្នាអនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឲ្យបានល្អប្រសើរ បម្រើសេវាសាធារណៈនានាឲ្យមានប្រសិទ្ធភាពខ្ពស់ ចូលរួមផ្សព្វផ្សាយច្បាប់បទដ្ឋាននានាជូនប្រជាពលរដ្ឋឲ្យបានទូលាយ ដោះស្រាយបញ្ហាតម្រូវការជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា សំដៅចូលរួមកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋានតាមយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ៕
អត្ថបទ៖អ៊ាម ហ៊ុយ