ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌពោធិសែនជ័យ ដឹកនាំដោយលោក ហែម ដារិទ្ធិ អភិបាលខណ្ឌ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំបន្ទាន់ ទៅលើបញ្ហាប្រឈម៣ចំណុច ជាមួយនឹងលោក-លោកស្រី ប្រធានការិយាល័យជុំវិញខណ្ឌ និងចៅសង្កាត់ទាំង១០។
បញ្ហាខាងលើ រួមមាន៖ ទី១ បញ្ហាការរំលោភចឹញ្ចើមផ្លូវសាធារណៈ រៀបចំផែនការជួសជុលផ្លូវដែលមានការខូចខាត និងការកកស្ទះចរាចរណ៍ ទី២ បញ្ហាបរិស្ថាន និងសំរាម តាមផ្សារទាំងបីក្នុងខណ្ឌ និងតាមដងផ្លូវសំខាន់ៗ ទី៣ បញ្ហាសំណង់គ្មានច្បាប់អនុញ្ញាត ការសាងសង់ខុសច្បាប់ និងសាងសង់រំលោភយកដីសាធារណៈ។ លទ្ធផលអង្គប្រជុំ បានធ្វើការសម្រេចដោះស្រាយបញ្ហាប្រឈមខាងលើឱ្យបានលឿន និងប្រកបដោយប្រសិទ្ធិភាពខ្ពស់។
លោក ហែម ដារិទ្ធិ អភិបាលខណ្ឌបានបញ្ជាក់ថា ៖បញ្ហាសាធារណៈការនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានរៀបចំធ្វើផងដែរ ជាក់ស្ដែងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ គ្រោងបន្ថែមភ្លើងស្តុបចំនួន១០០បន្ថែមទៀត និងដាក់ស្លាកសញ្ញាចរាចរណ៍ចំនួន៥០០០ស្លាកសញ្ញាទៀត ដែលគ្រោងបញ្ចប់នៅចុងឆ្នាំ២០១៦នេះ៕