ប្រកាស​តែងតាំង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី ខេត្តពោធិ៍សាត់

26-April-2016 | ដោយ មែន កំសត់


​ពោធិ៍សាត់ ៖ឯកឧត្តម​ លឹម វ៉ាន់ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់​តំណាង ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា និង​ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​តែងតាំង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តពោធិ៍សាត់ នា​រសៀល​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៦​។​

​តាម​ប្រកាស​របស់​ក្រសួង​បានសម្រេច​តែងតាំង លោក លៀម ប៊ុន​រឿន អតីត​ប្រធាន មន្ទីរ​មុខងារសាធារណៈ មកជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្តពោធិ៍សាត់​វិញ ជំនួស​លោក ចេង ឡៃ ដែល​ត្រូវ​ផ្លាស់​ចេញទៅ​ទទួល​ភារកិច្ច​ថ្មី ។​
​លោក លៀម ប៊ុន​រឿន ដែល​ត្រូវបាន​ថ្នាក់ដឹកនាំ​ក្រសួង និង​ថ្នាក់ដឹកនាំ​ខេត្ត ផ្ដល់​ទំនុកចិត្ត​តែងតាំង​ជា​ប្រធាន​មន្ទីរ​ថ្មី​បាន​ប្ដេជ្ញា​ថា នឹង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ច្បាប់​លិខិតបទដ្ឋាន​គតិយុត្តិ​នានា ពាក់ព័ន្ធ​នឹង​វិស័យ​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់ និង​សុរិយោដី ពិសេស​អនុសាសន៍​របសឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា ដើម្បី​រួមចំណែក​អនុវត្ត​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​ឲ្យ​ទទួលជោគជ័យ​។ ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ទប់ស្កាត់​និង​ដោះស្រាយ​សំណង់​រំលោភច្បាប់​សហការ​ជាមួយ​អាជ្ញាធរ គ្រប់លំដាប់​ថ្នាក់ មន្ទីរជំនាញ និង​អង្គភាព​ពាក់​ពន្ធ​ដើម្បី​ការងារ​ជោគជ័យ និង​អភិ​វ​ឌ្ព្យ​ន៍​ខេត្ត​ឲ្យ​កាន់តែ​រីកចំរើន​។

​ក្នុងឱកាស​នោះ​ឯកឧត្តម​ម៉ៅ ធនិន និង​ឯកឧត្តម លឹម វ៉ាន់ បាន​ថ្លែងថា ការប្រកាស​តែងតាំង​ប្រធាន មន្ទីរ​ថ្មី​នេះ​ជា​រឿង​ធម្មតា​សំរាប់​មន្ត្រី រាជការ​ទូទៅ​ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍ និង​ពង្រឹង​ការងារ​ឲ្យ​កាន់តែ​រលូន​ថែមទៀត​។ លោក​សង្កត់ធ្ងន់ថា នៅពេល​ធ្វើជា​មេ​គេ ត្រូវមាន​ទឹកដោះ​ឲ្យ​កូនបៅ បើ​គ្មាន​ទឹកដោះ​ក៏ត្រូវ​មានទឹក​ស្ករ ឫ​ក៏​ទឹក​បបរ​ដែរ សុខចិត្ត​ឲ្យ​ស្ដួច​កុំ​ឲ្យ​ដាច់ ធ្វើយ៉ាងណា​ឲ្យ​កូនចៅ ក្រោម​ឱវាទ​ស្រឡាញ់​ពេញចិត្ត បើ​កូនចៅ​មិន​ពេញចិត្ត​មិនអាច គ្រប់គ្រង​ដឹកនាំ​គេ​បានទេ​។ កុំ​យក​តួនាទី​ភារកិច្ច​របស់ខ្លួន​ទៅធ្វើ អាជីវកម្ម​ប៉ះពាល់​ដល់​អារម្មណ៍​ប្រជាពលរដ្ឋ និង​កុំ​បក្សពួកនិយម​ឬ​គ្រួសារនិយម​នាំ​ឲ្យ​កើតជា​បញ្ហា​៕

ចំនួនអ្នកទស្សនា

    20220977

  • ថ្ងៃនេះ3031
  • ម្សិលមិញ7271
  • សប្តាហ៍នេះ22501
  • ខែនេះ10311
  • ឆ្នាំនេះ993531
  • សរុប20220977