សម្ដេច​តេ​ជោ ៖ ខ្ញុំ​ចាំមើល​បក្សនយោបាយ​ណាខ្លះ​ចេញមុខ​មក​ដោះស្រាយ​បញ្ហា​ទឹក​

26-April-2016 | ដោយ មែន កំសត់

ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៦​នេះ​បាន​បោះសម្ដី​ទៅកាន់​គណបក្សនយោបាយ មួយចំនួន​ដែល​បានតែ​និយាយ តែ​មិន​ធ្វើ​សកម្មភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​ជាតិ ថា "​តើ​មាន​គណបក្សប្រឆាំង​ណាខ្លះ​ដែល​នឹង​ចេញ មក​ដោះស្រាយ​បញ្ហា​ទឹក ឲ្យ​ប្រជាពលរដ្ឋ​ជាមួយ​រាជរដ្ឋាភិបាល​"​។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ បើក​ឲ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៥៦ និង​ផ្លូវ​ចូល​ប្រាសាទ បន្ទាយឆ្មារ ពី​ក្រុង​សិរីសោភ័ណ ខេត្ដ​បន្ទាយមានជ័យ​ទៅដល់​ក្រុង​សំរោង ខេត្ដ​ឧត្ដរមានជ័យ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៦ សម្តេចនាយក​រដ្ឋមន្ដ្រី​បាន​មានប្រសាសន៍ថា “​ខ្ញុំ​រង់ចាំ​មើល​បក្ស នយោបាយ​ណាខ្លះ​ចេញមក​ដោះស្រាយ​បញ្ហា​ទឹក​។ អាច​បក្ស​ខ្លះ​ឆ្លើយថា ខ្លួន​មិនមែនជា​បក្ស​កាន់អំណាច អីចឹង​បើ​ដោះស្រាយ​បញ្ហា​ទឹក​មិនបាន​ផង​មានតែ​លោក​ឯង សន្យា​ខ្យល់​”​។​
    
 ជាមួយគ្នានេះដែរ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​បញ្ជា​ដាច់​ណាត់​ឲ្យ​មន្ត្រី​ទាំងអស់ ប្រើ​យុទ្ធនា​ការដឹក​ទឹក​ចែកជូន​ប្រជាពលរដ្ឋ​មិនត្រូវ​ឲ្យ​ប្រជាពលរដ្ឋ រងគ្រោះ​ដោយសារ​ខ្វះ​ទឹក​នោះទេ ហើយ​សម្តេច​ប្រកាស​មិន​ឲ្យ​ក្រសួង​នានា កោះហៅ​អភិបាលខេត្ត​ឡើងទៅ​ប្រជុំ​នោះ​ដោយ​ទុក​ពេលវេលា​ឲ្យ​អភិបាលខេត្ត ទាំងអស់ ប្រើ​យុទ្ធនា​ការដឹក​ទឹក​ចែកជូន​ប្រជាពលរដ្ឋ​។​
​សម្តេច តេ​ជោ ហ៊ុន សែន បាន​កោតសរសើរ​ដល់​លោក កែ កឹម​យ៉ាន​ដែល​បាន​ប្រើប្រាស់​យុទ្ធនា​ការដឹក​ទឹក​ចែកជូន​ប្រជាពលរដ្ឋ​បាន ល្អ​សូម​ឲ្យ​អភិបាលខេត្ត​នា​នាយក​គំរូ​តាម​លោក​។​​សម្តេច​តេ​ជោ ក៏បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ផលិត​ទឹក​សុទ្ធ​នានា ចូលរួម​បរិច្ចាគ​ទឹក​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រង​ការខ្វះខាត​។​ក្រៅពីនោះ សម្តេច​តេ​ជោ បានស្នើ​ឲ្យ​កាកបាទក្រហមកម្ពុជា បង្វែ​ទិសដៅ​ពី​ការជួយ​ជំនួយ​ផ្សេងៗ មកជា​ការផ្តល់​ជំនួយ​ជា​ទឹក​ដល់​ប្រជាពលរដ្ឋ​វិញ​។

​បន្ថែម​ពីលើ នេះ​ទៀត​នោះ សម្តេច​តេ​ជោ អំពាវនាវ​ឲ្យ​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ទម្លាក់ចោល​ការងារ​ផ្សេងទៀត​មក​ចុះជួយ​លើ​កិច្ចការ​នេះ​ជាបន្ទាន់ និង​បាន​ប្រាប់​សម្តេច​សេនា​វិបុល សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​សេចក្តីណែនាំ​នេះ ដើម្បី​អោយមាន​ការចូល​រួម​ក្នុង​ក្របខណ្ឌ​ទាំង​បក្ស និង​រាជរដ្ឋាភិបាល​។​

 សម្ដេចនាយក​រដ្ឋមន្ត្រី​បន្តថា ខេត្តស្វាយរៀង កំពត កំពង់ស្ពឺ និង​តាកែវ ជួបប្រទះ​ការខ្វះខាត​ទឹក​។ អភិបាលខេត្ត​ត្រូវ​ម្ចាស់​ខ្លួនឯង​។​ហេតុនេះ​ក្រសួង​ធនធានទឹក​ត្រូវ ពិនិត្យមើល កន្លែង​ណា​អាច​ស្តុក​ទឹកបាន ត្រូវ​ពិនិត្យ​មើលថា អាច​ជីក​ស្រះ​ទឹក ប្រឡាយទឹក នៅ​កន្លែង​ណា​? សម្តេច​តេ​ជោ ក៏បាន​ដោះស្រាយ​សំណូមពរ​មួយចំនួន​របស់​ប្រជាពលរដ្ឋ​៕

ចំនួនអ្នកទស្សនា

    20221147

  • ថ្ងៃនេះ3201
  • ម្សិលមិញ7271
  • សប្តាហ៍នេះ22671
  • ខែនេះ10481
  • ឆ្នាំនេះ993701
  • សរុប20221147