សៀមរាប៖ មជ្ឈដ្ឋានពលរដ្ឋបានធ្វើការលើកឡើងថាដីទួលប្រាសាទបុរាណមានឈ្មោះទួលប្រាសាទគ្រិះមានទំហំជិត១ហិចតានៅភូមិត្រាងឃុំកណ្តែកត្រូវបានគេឃុបឃិតគ្នាលក់រីឯអាជ្ញាធរបានបដិសេធទៅវិញ។ ពលរដ្ឋនិយាយថាទួលប្រាសាទមួយមានឈ្មោះទួលប្រាសាទគ្រិះដែលមានផ្ទៃដីជិត១ហិចតាត្រូវបានអាជ្ញាធរឃុបឃិតគ្នាលក់ឲ្យទៅឈ្មួញដើម្បីធ្វើកម្មសិទ្ធ។ពលរដ្ឋបន្តថាដីទួលបុរាណនោះត្រូវបានពលរដ្ឋថែរក្សានិង អាស្រ័យផលជាច្រើនឆ្នាំមកហើយទើបតែពេលថ្មីៗនេះលឺថាគេប្រុងលក់ឲ្យទៅឈ្មួញ។
មេភូមិត្រាង ឃុំកណ្ដែក លោក មោក ឃុនប្រាប់អ្នកយកព័ត៌មានថាអភិបាលស្រុកប្រាសាទបាគងលោកភូ សំអាត បានអញ្ជើញលោក ទៅសាលាស្រុកឲ្យចុះហត្ថលេខាលក់ដីទួលប្រាសាទបុរាណមួយឲ្យក្រុមហ៊ុនឯកជន។លោកថាដោយសារដីនោះជាទួលប្រាសាទមានចុះឈ្មោះក្នុងបញ្ជីសារពើភ័ណ្ឌរបស់មន្ទីវប្បធម៌ខេត្ដសៀមរាបទើបបារម្ភពីការជាប់ទោសព្រោះតែចុះហត្ថលេខាលក់ដីនោះ។លោកបន្ថែមថាលោកមិនចង់ចុះហត្ថលេខាលើដីលក់ទួលប្រាសាទនោះទេប៉ុន្ដែដោយសារអភិបាលស្រុកដាក់គំនាប។
លោកមេភូមិបន្តថា៖ដីនោះជាទួលប្រាសាទមានឈ្មោះទួលប្រាសាទគ្រិះទំហំជាង៣ពាន់ម៉ែត្រការ៉េដោយលក់ក្នុងតំលៃ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ។ អភិបាលស្រុកប្រាសាទបាគងលោក ភូ សំអាតមានប្រសាសន៍ ប្រាប់អ្នកកាសែតថាលោក ទទួលស្គាល់ថាពិតជាបានឲ្យមេភូមិលោកមោក ឃុន ចុះ ហត្ថលេខាមែនប៉ុន្ដែលោកថាដីនោះមិនមែនជាទួលប្រាសាទបុរាណនោះទេដោយលោកថាជាដីទួលរបស់ប្រជាពលរដ្ឋ៩គ្រួសារបង្កបង្កើនផលរួមតាំងពីមុនឆ្នាំ១៩៧៩។
លោកបន្ដថាដីនោះមិនទាន់លក់ឲ្យឈ្មួញនៅឡើយទេដោយលោកថាពលរដ្ឋ៩គ្រួសារនោះមានគម្រោងឲ្យអភិបាលស្រុក ជួយលក់ដោយពួកគេខ្លាចក្រុមហ៊ុននៅក្បែនោះឬអ្នកមានអំណាចរំលោភយក។ យ៉ាងនេះក្តីប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាលោកឡុង កុសល មានប្រសាសន៍ថាដីនោះជាទីទួលប្រាសាទបុរាណដែលមានឈ្មោះទួលប្រាសាទគ្រិះ។
លោកបន្តថា៖ទួលនោះអាជ្ញាធរអប្សរានិងមន្ត្រីមូលដ្ឋានបានចុះកំណត់ព្រំរួចរាល់ហើយមិនអាចលក់ដូរបានស្រេចតែចិត្តបានទេ។ បើយោងតាមឯកសាររបស់ការិយាល័យវប្បធម៌និងវិចិត្រសិល្បៈស្រុកប្រាសាទបាគងបង្ហាញថាដីទួលប្រាសាទនិងត្រពាំងបុរាណនៅឃុំកណ្ដែកមានចំនួន៦៦កន្លែងក្នុងនោះក៏មានឈ្មោះទួលប្រាសាទគ្រិះផងដែរដែលមានទំហំ៣៤៣៣ម៉ែត្រការ៉េនិងកស្សិណទំហំ៥២៦៧ម៉ែត្រការ៉េ៕
ប្រភព៖សៀមរៀបប៉ុស្តិ៍