គម្រោង​សាងសង់​ផ្លូវ របស់​ឃុំ​កៀន​ជ្រៃ​និង​ឃុំ​រអាង​ស្រុក​កំពង់សៀម ត្រូវបាន​ដាក់​ឲ្យ​ដេញថ្លៃ មិន​ប្រក្រតី​ខុសពី​គោលការណ៍​នៃ​កិច្ចលទ្ធកម្ម

29-April-2016 | ដោយ មែន កំសត់



 កំពង់ចាម​៖ បន្ទាប់ពី​មាន​ការតាមប្រមាញ់​រប​ស់​អ្នកសារព័ត៌មាន លើ​គម្រោង​ដាក់​ឲ្យ​ដេញថ្លៃ សម្រាប់​កិច្ចសន្យាការងារ​សាងសង់​ផ្លូវ​បេតុង ចំនួន​២​ខ្សែ របស់​ក្រុមប្រឹក្សា ឃុំ​កៀន​ជ្រៃ និង​ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ដែល​បាន​ប្រព្រឹត្តឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៧ មេសា ២០១៦​នេះ ត្រូវបាន​គេ​មើលឃើញថា មាន​ភាពមិនប្រក្រតី ដោយមាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ដើម្បី​ទាញយក​ផលប្រយោជន៍​ទៀតផង ។​

នា​ព្រឹក​ថ្ងៃទី​២៨ មេសា ២០១៦​នេះ នៅ​សាលាសង្កាត់​សំបូរ​មាស ក្រុង​កំពង់ចាម មានការ​ដាក់​ឲ្យ​ដេញថ្លៃ សម្រាប់​កិច្ចសន្យាការងារ​សាងសង់​ផ្លូវ​បេតុង ចំនួន​២​ខ្សែ និង​នៅ​សាលាឃុំ​ព្រែកបាក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ផ្លូវ​ក្រាល​គ្រួស​ក្រហម ចំនួន​២​ខ្សែ ត្រូវបាន​ដាក់​ឲ្យ​ដេញថ្លៃ​យ៉ាង​សុក្រឹត មាន​អ្នកចូលរួម​ធ្វើការ​ដេញថ្លៃ​ជាច្រើន ដែលមាន​អ្នកសារព័ត៌មាន​ចូលរួម​ផង​នោះ ឃើញថា ផ្លូវ​បេតុង​អារ​មេ ២​ខ្សែ​នៅក្នុង​សង្កាត់​សំបូរ​មាស មាន​ប្រវែង​២២៩​ម៉ែត្រ ដាក់​ឲ្យ​ដេញថ្លៃ​តម្លៃ​ប៉ាន់ស្មាន ៦៤,៩៧៦,៣២៤៛ ហើយ​ត្រូវរ៉ូវ​គ្នា​ក្នុងតម្លៃ ២៦,៨២០,០០០៛ និង​ផ្លូវ​បេតុង​អារ​មេ​១​ខ្សែ​ទៀត នៅក្នុង​សង្កាត់​វាលវង់ មាន​ប្រវែង​២០៥​ម៉ែត្រ ដាក់​ឲ្យ​ដេញថ្លៃ​តម្លៃ​ប៉ាន់ស្មាន ៨១,២២៣,០៥៥៛ ហើយ​ត្រូវរ៉ូវ​គ្នា​ក្នុងតម្លៃ ៤៥,៩៩៩,៥០០៛ ក្នុងនោះ​នៅ​ស្រុក​ស្ទឹងត្រង់ ការជួសជុល​ផ្លូវ​ក្រាល​គ្រួស​ក្រហម ១​ខ្សែ​មាន​ប្រវែង ១,0៧ គីឡូម៉ែត្រ ក្នុង​ឃុំ​ព្រែកបាក់ ដែលមាន​តម្លៃ​ប៉ាន់ស្មាន ៥៤,៧៥៩,៦០០៛ ហើយ​ត្រូវរ៉ូវ​គ្នា​ក្នុងតម្លៃ ៨,៧៥៨,២០០៛ និង​ផ្លូវ​ក្រាល​គ្រួស​ក្រហម ១​ខ្សែ​ទៀត​មាន​ប្រវែង ១,៨៥ គីឡូម៉ែត្រ ក្នុង​ឃុំ​ពាម​កោះ​ស្នា ដែលមាន​តម្លៃ​ប៉ាន់ស្មាន ១១៥,៤៤៨,៣០០៛ ហើយ​ត្រូវរ៉ូវ​គ្នា​ក្នុងតម្លៃ ១៤,៨១៤,៥០០៛ ការដាក់​ឲ្យ​ដេញថ្លៃ ការសាងសង់​និង​ជួសជុល​ផ្លូវ នៅ​ថ្ងៃទី​២៨ មេសា​នេះ ក្រោម​ការតាមដាន​រប​ស់​អ្នកសារព័ត៌មាន ឃើញថា តម្លៃ​ដែល​ក្រុមហ៊ុន​ដេញថ្លៃ​យកបាន មាន​ភាពខុសគ្នា​ដូច​មេឃ​និង​ដី ជាមួយ​តម្លៃ​ប៉ាន់ស្មាន ដូច្នេះ​សាលាឃុំ​សង្កាត់ អាច​នៅសល់​លុយ​ជាច្រើន​ទៀត សម្រាប់​កសាង​ផ្លូវ​ក្នុង​មូលដ្ឋាន​របស់ខ្លួន ។

វា​ខុសប្លែក​អី​តែ នៅ​សាលាឃុំ​កៀន​ជ្រៃ ដែល​ផ្លូវ​បេតុង​អារ​មេ​១​ខ្សែ មាន​ប្រវែង ១៤៥​ម៉ែត្រ តម្លៃ​ប៉ាន់ស្មាន ៥៣,២៨៥,៨០០៛ ហើយ​ត្រូវរ៉ូវ​គ្នា​ក្នុងតម្លៃ​ប្រកៀក​ប្រកិត​គ្នា គឺ​៥២,២០០,០០០៛ និង​ឃុំ​រអាង​ផ្លូវ​បេតុង​អារ​មេ ១​ខ្សែ​មាន​ប្រវែង ១៩៤​ម៉ែត្រ តម្លៃ​ប៉ាន់ស្មាន ៧២,៤00,៦00៛ ហើយ​ត្រូវរ៉ូវ​គ្នា​ក្នុងតម្លៃ​ប្រកៀក​ប្រកិត​គ្នា គឺ ៧១,០០០,០០០៛ ដែល​ការដេញថ្លៃ​នេះ ត្រូវបាន​គេ​សង្ស័យថា មានការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ដើម្បី​ទាញយក​ផលប្រយោជន៍​រៀងៗ​ខ្លួន​ទៀតផង ហេតុនេះ​ស្នើ​មន្ត្រី​លទ្ធកម្ម​ខេត្ត ដែលជា​ភ្នែក​ច្រមុះ​ឲ្យ​អភិបាលខេត្ត​មេត្តា​ពិនិត្យមើល​ការដេញថ្លៃ​នេះ វា​ខុសពី​គោលការណ៍​ណែនាំ​របស់​ថ្នាក់ជាតិ​«​គជ​អប​»​ហើយ​៕
​ដោយ​៖​អ៊ា​ម​ហ៊ុយ​

ចំនួនអ្នកទស្សនា

    20221277

  • ថ្ងៃនេះ3331
  • ម្សិលមិញ7271
  • សប្តាហ៍នេះ22801
  • ខែនេះ10611
  • ឆ្នាំនេះ993831
  • សរុប20221277