ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង៨និង៣០នាទី នាសាលប្រជុំសាលាខណ្ឌព្រែកព្នៅ មានបើកកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អាណត្តិទី២ ក្រោមអធិបតីភាពលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌ លោកអភិបាលរងខណ្ឌ។
ពិធីនេះព្រមទាំងមានការចូលរួមពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ លោកនាយករងរដ្ឋបាល លោក-លោកស្រី ប្រធាន-អនុ.ការិ.ចំណុះជំនាញជុំវិញខណ្ឌ លោក-លោកស្រី ចៅសង្កាត់ទាំង៥ លោកអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ និងមន្ត្រីសាលាខណ្ឌសរុប ៥០នាក់ផងដែរ ។
របៀបវារៈអង្គប្រជុំ ៖ ១- ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២២ អណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ។២- ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០១៦ របស់រដ្ឋបាលខណ្ឌព្រែកព្នៅ ។៣- ពិនិត្យ និងអនុម័តសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល ( ២០១៦-២០១៨ ) របស់រដ្ឋបាលខណ្ឌព្រែកព្នៅ ។៤- ពិនិត្យ និងអនុម័តស្តីពីការបែងចែកប្រាក់រង្វាន់ និងយន្តការរបស់ការិ. ច្រកចេញចូលតែមួយ ៥- បញ្ហាផ្សេងៗ អង្គប្រជុំបានដំណើរការប្រកបដោយភាពរលូននាឱកាសនោះ លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ បាន មានមតិ និងដាក់ផែនការជូនដល់បណ្ដាអង្គភាពដើម្បីអនុវត្តន៍បន្ត គឺត្រូវយកចិត្តទុកដាក់លើការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបម្រើសេវា សាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ការយកចិត្តទុកដាក់កិច្ចអភិវឌ្ឍន៍ ការចុះប្រជុំផ្សព្វផ្សាយឲ្យបានទូលាយនូវគោលការណ៍ច្បាប់ ពិសេស គ្រោះថ្នាក់ចរាចរណ៍ ការងាររដ្ឋបាលលិខិតស្នាមមានសៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណនិងអត្រានុកូលដ្ឋានតាមកម្រៃសេវាច្បាប់ រាល់ចំណុចអសកម្មភាពត្រូវធ្វើការកែតម្រូវ ដើម្បីចូលរួមកិច្ចអភិវឌ្ឍន៍និងកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន៕