ភ្នំពេញ ៖ នារសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ សាលាខណ្ឌឫស្សីកែវ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌ កិច្ចប្រជុំបានដំណើរការទៅក្រោមអធិបតីភាពលោក វ៉ាន់ សាលី ប្រធានក្រុមប្រឹក្សាខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះមានការចូលរួមពី លោក កូប ស្លេះ អភិបាលរងខណ្ឌ តំណាងលោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌ, លោក-លោកស្រីអភិបាលរងខណ្ឌ និងមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, នាយករដ្ឋបាលស្តីទី,ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធសាលាខណ្ឌ, ការិយាល័យជំនាញជុំវិញខណ្ឌ, លោកចៅសង្កាត់, ចៅសង្កាត់រង, មេភូមិ, ប្រធានសណ្តាប់ធ្នាប់ខណ្ឌ និងតំណាងប្រជាពលរដ្ឋសរុប ចំនួន ៦២នាក់ ។
កិច្ចប្រជុំនេះ មានរបៀបវារៈចំនួន ០៦គឺ ៖ ១. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២២ ។
២. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០១៦ ។
៣. ពិនិត្យ និងអនុម័តលើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការប្រចាំខែមេសា ឆ្នាំ២០១៦ ។
៤. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៦-២០១៨)
របស់ខណ្ឌឫស្សីកែវ ។
៥. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការប្រគល់ភារកិច្ចជូនគណៈអភិបាលខណ្ឌឫស្សីកែវ និង៦-បញ្ហាផ្សេងៗមួយចំនួន ។
អង្គ ប្រជុំបានដំណើរការប្រកបដោយភាពរលូននាឱកាសនោះ លោក វ៉ាន់ សាលី ប្រធានក្រុមប្រឹក្សាខណ្ឌ បាន មានមតិ និងដាក់ផែនការជូនដល់បណ្ដាអង្គភាពដើម្បីអនុវត្តន៍បន្ត គឺត្រូវយកចិត្តទុកដាក់លើការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបម្រើសេវា សាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ការយកចិត្តទុកដាក់កិច្ចអភិវឌ្ឍន៍ ការចុះប្រជុំផ្សព្វផ្សាយឲ្យបានទូលាយនូវគោលការណ៍ច្បាប់ ពិសេស គ្រោះថ្នាក់ចរាចរណ៍ ការងាររដ្ឋបាលលិខិតស្នាមមានសៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណនិងអត្រានុកូលដ្ឋានតាមកម្រៃសេវាច្បាប់ រាល់ចំណុចអសកម្មភាពត្រូវធ្វើការកែតម្រូវ ដើម្បីចូលរួមកិច្ចអភិវឌ្ឍន៍និងកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន៕