ភ្នំពេញ៖ នៅវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ រដ្ឋបាលខណ្ឌ៧មករា ប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី២ ក្រោមអធិបតីភាពលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និងលោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ ៧មករា ។
កិច្ចប្រជុំ សមាសភាពចូលរួមសមាជិកក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ កងកម្លាំងទាំង៣ ប្រធាន អនុប្រធានការិយាល័យប្រធាន ក្រុមប្រឹក្សាសង្កាត់ ទីប្រឹក្សាខណ្ឌនាយករដ្ឋបាល និងការិយាល័យ អង្គភាពចំណុះសាលាខណ្ឌ ផងដែរ។
កិច្ចប្រជុំ ពិភាក្សាតាមរបៀបវារៈអង្គប្រជុំមានដូចជា៖១- ឆ្លង និង អនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២១ (៣០-០៣-២០១៦) របស់ក្រុមប្រឹក្សា ខណ្ឌ៧មករាអាណត្តិទី២។ ២-ពិនិត្យ និង អនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែ មេសា ឆ្នាំ២០១៦ របស់រដ្ឋបាលខណ្ឌ៧មករា។ ៣-ឆ្លង និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការនៃរដ្ឋបាលខណ្ឌ៧មករាប្រចាំខែមេសា ឆ្នាំ២០១៦។ ៤- ពិនិត្យ និង អនុម័តលើសេចក្តីសម្រេចការកែសម្រួលសមាសភាពគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខណ្ឌ៧មករា។ ៥- ពិនិត្យ និង អនុម័តលើសេចក្តីសម្រេចការកែសម្រួលសមាសភាពគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មខណ្ឌ៧មករា។ ៦- ពិនិត្យ និង អនុម័តលើសេចក្តីសម្រេចការកែសម្រួលសមាសភាពគណៈកម្មាធិការលទ្ធកម្មរបស់រដ្ឋបាលខណ្ឌ៧មករា។ ៧- ពិនិត្យ និង អនុម័តលើសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការគ្រប់គ្រងគម្រោងខណ្ឌ៧មករា។ ៨- ពិនិត្យ និង អនុម័តលើសេចក្តីសម្រេចស្តីពីការប្រគល់ភារកិច្ចជូនមន្ត្រីរាជការអោយទទួលការងារជាអ្នកជំនួយការបច្ចេកទេសខណ្ឌ៧មករារាជធានីភ្នំពេញនិង ៩- បញ្ហាផ្សេងៗ។
បន្ទាប់ពី ស្ដាប់ របាយការណ៍របស់ រដ្ឋបាលសាលាខណ្ឌ បានលើកឡើងអំពីសកម្មភាពរយៈពេល១ខែ និង បញ្ហាប្រឈម តម្រូវការរបស់ មូលដ្ឋានរួចមក នាឱកាសនោះ លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា បានមានមតិបញ្ជាក់និងសំណេះសំណាលទៅកាន់សមាជិក សមាជិកាដែលបានចូលរួមប្រកបដោយភាពកក់ក្ដៅ ព្រមទាំងបានស្នើដល់ថ្នាក់ខណ្ឌ សង្កាត់ ភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវបន្តការយកចិត្តទុកដាក់លើការអនុវត្តន៍ គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ការដោះស្រាយសំណូមពរ បម្រើសេវាសាធារណៈលើលិខិតស្នាម ឯកសាររដ្ឋបាលនានាមានអត្រានុកូលដ្ឋាន សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ តាមកម្រៃសេវារបស់ថ្នាក់ក្រោមជាតិ បើមានសកម្មភាពមិនប្រក្រតី ភាពអសកម្មលើចំណុចណាមួយជាមួយប្រជាពលរដ្ឋត្រូវរួសរាន់កែតម្រូវ ធ្វើជាមន្ត្រីដឹងសុខទុក្ខពលរដ្ឋ ដើម្បីឲ្យស្របតាមនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យបានក្លាយជាប្រព័ន្ធរដ្ឋបាលស៊ីជម្រៅ និងចូលរួមការកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន។
ហើយ លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ ៧មករា ក៏បានកោតសរសើរដល់សង្កាត់ ដែលយកចិត្តទុកដាក់លើការងារសន្តិសុខសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរនាឱ កាសបុណ្យចូលឆ្នាំថ្មីនេះនិង មានផែនការសកម្មភាពចុះពិនិត្យតាមដានការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ និងដោះស្រាយរាល់បញ្ហាប្រឈមឲ្យបានទាន់ពេលវេលាដើម្បីសុវត្ថិភាពនៅ មូលដ្ឋាន៕